ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទៅដាក់លាន់យកអន្ទង់ រអិលជើងលង់ទឹកស្រះស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសវ័យចំណាស់ម្នាក់​បានរអិលជើង​ធ្លាក់ទឹកស្រះស្លាប់យ៉ាងវេទនា ទាំងនៅពាក់ស្បែកជើងកៅស៊ូកកវែង ខណៈដែលជនរងគ្រោះ​ទៅដាក់លាន់យកអន្ទង់ បង្កការភ្ញាក់ផ្អើលវេលា៧ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិដែកភ្លើង ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ សៅ សារី អាយុ៥១ មុខរបរកសិករ រស់នៅភូមិដែកភ្លើង ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ អ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ បុរសរងគ្រោះបានទៅលេងផ្ទះអ្នកជិតខាងឈ្មោះ អ៊ុច សារ៉េន ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

ប្រមាណជាកន្លះម៉ោង ស្រាប់តែមានការភ្ញាក់ផ្អើលថា បុរសខាងលើបានលង់ទឹកស្រះស្លាប់ដោយពាក់ស្បែកជើងកៅស៊ូកវែង ហែលទឹកមិនរួច បណ្ដាលឲ្យឈ្លក់ទឹកស្រះស្លាប់មិនមានអ្នកដឹង ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានហៅគ្រូពេទ្យ និងនគរបាលជំនាញមកពិនិត្យសព ដោយសន្និដ្ឋានថា ពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន មិនមានស្លាក់ស្នាមអ្វីគួរកត់សម្គាល់ជារឿងឃាតកម្មនោះទេ ហើយបានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ។

សមត្ថកិច្ចបន្តថា ឈ្មោះសៅ សារីបានដើរទៅយកលាន់ដាក់អន្ទង់ នៅក្នុងស្រះ ដែលមានជំរៅទឹកប្រហែល២ម៉ែត្រ ។ មូលហេតុៈ គាត់ច្រកស្បែកជើងកៅស៊ូកវែង ហែលមិនរួចបណ្ដាលឲ្យលង់ស្លាប់ ៕ យឹម សុថាន


ចែករំលែក៖