ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូបុក កាលេថង ដឹកធ្យូងពីក្រោយបណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ធំៈ នៅព្រលប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីបុរសម្នាក់បើកម៉ូតូមកបុកកាលេថង ដឹកធ្យូងពីក្រោយបណ្ដាលឲ្យស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ត្រង់ចំណុចផ្លូវវាងក្រុង ក្នុងភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កាលេថងដឹកធ្យូង អស់ប្រេងនៅតាមផ្លូវ ហើយក៏ចត ចោល រួចទៅទិញប្រេង ស្រាប់តែជនរងគ្រោះ ជិះម៉ូតូមកបុក កាលេថង ពីក្រោយ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្ដាលឲ្យដួលរងរបួសធ្ងន់ លុះក្រោយមកប្រជាពលរដ្នរវល់នាំជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ ឆ្លៀតឱកាសនោះម្ចាស់ កាលេថង ចាក់ប្រេងរួច ក៏បើកគេចខ្លួនបាត់ស្រមោលតែម្ដង។

ឯជនរងគ្រោះ ឈ្មោះ អ៊ឹម ប៊ុន ណា អាយុ ២០ឆ្នាំ រស់នៅភូមិ ដូង ឃុំ បល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាបុគ្គលិក អង្គការ បានជិះម៉ូតូម៉ាក សង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1F 8071 បានស្លាប់ពេលបញ្ជូនដល់ពេទ្យ ត្រូវបាន សាច់ញាតិយកសាកសពទៅធ្វើបុណ្យ តាមប្រពៃណី។

ក្រោយកើតហេតុ សមត្ថកិច្ចបានវាស់វែង បញ្ជូនវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកសន្ទុក ដើម្បីស្រាវជ្រាវរកម្ចាស់ កាលេថង មកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖