ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បែកថ្នាំឡើងលើផ្សារសូរិយាប៉ុនប៉ងលោតសម្លាប់ខ្លួនក្រោយទំទាស់គ្នាជាមួយសង្សារ

ចែករំលែក៖

 

ភ្នំពេញៈ ដោយសារតែគ្រឿងញៀន បានធ្វើឲ្យបុរសម្នាក់ដែលសង្ស័យបែកថ្នាំ បានឡើងលើផ្សារសូរិយា ប៉ុនប៉ងលោតសម្លាប់ខ្លួន ក្រោយទំទាស់គ្នាជាមួយសង្សាររហូតឈានដល់ចែកផ្លូវគ្នា និងមានវិបត្តិក្នុងគ្រួសារ ដោយសារថា ខ្លួនបានចាយលុយម្តាយអត់ប្រយោជន៍ជាច្រើន ហើយមូលហេតុដែលខ្លួនចង់ប៉ុនប៉ងលោតសម្លាប់ខ្លួននោះ គឺដើម្បីលួងសង្សារឲ្យត្រឡប់មកវិញ ប៉ុន្តែការប៉ុនប៉ងលោតសម្លាប់ខ្លួននោះ មិនបានសម្រេចឡើយ ដោយសារតែសមត្ថកិច្ចចុះទៅអន្តរាគមន៍ទាន់ពេលវេលា ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅជាន់ទី៤ នៃផ្សារទំនើបសូរិយា តាមបណ្ដោយផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។

បុរសដែលប៉ុនប៉ងលោតសម្លាប់ខ្លួននោះ ឈ្មោះថា យី វិចិត្រ អាយុ ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ក្រោយកើតហេតុសមត្ថកិច្ចបានលួងលោមឲ្យបុរសរូបនោះចុះរួចនាំគ្នាយកមកសាកសួរនៅអធិការនគរបាលខណ្ឌដូនពេញ ដោយបុរសរូបនោះម្តងនិយាយភាសាខ្មែរ ម្តងនិយាយភាសាអង់គ្លេស ទើបសមត្ថកិច្ចសន្និដ្ឋានថា ដោយសារតែការប្រើប្រាស់គ្រឿងញៀនជ្រុល ៕ ស តារា


ចែករំលែក៖