ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងជោកជាំជិះម៉ូតូដួលខ្លួនឯង រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកខេត្ត

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់ស្រវឹងជោកជាំ បាត់ម្ចាស់ការជិះម៉ូតូ ដួលខ្លួនឯង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។

ហេតុការណ៍នេះបានកើតឡើងនៅនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចលើផ្លូវជាតិលេខ៧៨A ស្ថិតក្នុងភូមិប៉ាជន់ ឃុំឯកភាព ស្រុកអូរជំុ ខេត្តរតនគិរី ។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះដែលជិះម៉ូតូដួលខ្លួនឯងនោះ ឈ្មោះកុក យ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិទំពួន រស់នៅភូមិល្អឺនក្រែន ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី (រងរបួសធ្ងន់បែកក្បាល និងហូរឈាមតាមច្រមុះ) ។

ប្រភពបន្តថា ជនរងគ្រោះបើកបរម៉ូតូមានល្បឿន ក្នុងស្ថានភាពស្រវឹងជោកជាំខ្លាំង ហើយមកដល់ចំណុចកើតហេតុខាងលើ ក៏ដួលរហូតបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្ដង ។

បន្ទាប់ពីកើតហេតុ​​ ជនរងគ្រោះត្រូវបានសមត្ថកិច្ចចរាចរណ៍បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត​​​​​​​​​ ហើយម៉ូតូកម្លាំងយកមករក្សាទុក​នៅប៉ុស្តិ៍រដ្ឋបាលបណ្តោះអាសន្ន ៕ ជីវន្ត័


ចែករំលែក៖