ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាវាយមុខគេមួយដៃនិងយកកាំបិតប៉័ងតោបម្រុងកាប់បន្ថែមទៀតត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវនគរបាលធ្វើការចាប់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹងវាយគេចំមុខមួយដៃ ថែមទាំងដកកាំបិតប៉័ងតោពីក្នុងកាបូបបម្រុងកាប់បន្ថែមទៀត ។ ករណីហិង្សាដោយចេតនាខាងលើនេះ កើតឡើងនៅវេលាម៉ោង១៤និង០៥នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ អុល សំអ៊ាន់ភេទប្រុស អាយុ២៤ឆ្នាំ រីឯជនរងគ្រោះឈ្មោះ យី ផល្លី ភេទប្រុស អាយុ៦៥ឆ្នាំ ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកវត្ថុតាងដកហូតមានកាំបិតប៉័ងតោចំនួន១ និងកាបូបស្ពាយពណ៌ខ្មៅ ធ្វើអំពីស្បែកចំនួន១ ។

ប្រភពដដែលបន្ដថា កន្លងមកជនសង្ស័យជាមនុស្សតែងអុកឡុក និងធ្លាប់ប្រើហិង្សាក្នុងគ្រួសារ ដូចជា វាយបំផ្លាញទ្រព្យសម្បត្ដិផ្សេងជាច្រើននៅក្នុងផ្ទះ ហើយថែមទាំងគម្រាមសំឡុតម្ដាយខ្លួនឯងយកលុយដើម្បីទិញថ្នាំញៀនប្រើប្រាស់ទៀតផង ។ លុះមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់ ជនសង្ស័យបានទិញស្រាផឹកជាមួយឈ្មោះ ក្រឹម រហូតមកដល់វេលាម៉ោង១៤រសៀល ជនសង្ស័យមានសភាពស្រវឹង ក៏បែកគំនិតដើរទៅយកធុងបាសរបស់ឈ្មោះ យី ផល្លី (ជនរងគ្រោះ) ដើម្បីចាក់កំដរអារម្មណ៍ លុះដើរដល់ផ្ទះជនរងគ្រោះឃើញជនរងគ្រោះកំពុងដេកនៅលើផ្ទះ ភ្លាមនោះក៏ឡើងទៅលើផ្ទះដើម្បីខ្ចីធុងបាស ជនរងគ្រោះឃើញដូច្នោះក៏ស្ទុះទាញទ្វារបិត រួចកុំឲ្យជនសង្ស័យចូល រីឯជនសង្ស័យឃើញដូច្នោះក៏យកដៃច្រានទ្វារធ្វើឲ្យខ្លួនប៊ិះធ្លាក់ពីលើផ្ទះមានចិត្ដខឹង ក៏ស្ទុះទៅវាយជនរងគ្រោះចំនួន៣ដៃ តែត្រូវជនរងគ្រោះចំនួន១ដៃចំមុខ រួចដកកាំបិតប៉័ងតោពីក្នុងកាបូបបម្រុងរកកាប់ជនរងគ្រោះថែមទៀត ។ លុះមកដល់វេលា១៤និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ក្រោយពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកដំបងទទួលបានពាក្យបណ្ដឹងរួច ភ្លាមនោះកម្លាំងនគរបាលបានចុះធ្វើការចាប់ខ្លួនជនសង្ស័យ មកកាន់ប៉ុស្ដិ៍រដ្ឋបាល រួចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖