ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រែកឡូឡារកអ្នកខ្លាំងរួចវាយកញ្ចក់ម៉ូតូកង់បីត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាសន្តិសុខក្លឹប ស្រវឹងស្រាជោកជាំ​ ហើយដើរស្រែកតាមផ្លូវ និងវាយ​កញ្ចក់​កង់បីឥណ្ឌាមួយគ្រឿង ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៣ទៀប​ភ្លឺ​ ថ្ងៃទី២៨​ ខែ​សីហា​ ឆ្នាំ​២០១៨​ នៅតាមបណ្ដោយ​ផ្លូវ​លេខ១៩៨៦​កែង និងផ្លូវលេខ​១០១១ ​ខាង​មុន​មន្ទីរពេទ្យ​សែនសុខ​ ​ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​។

សមត្ថកិច្ចបានឲ្យដឹងថាជនបង្កមានឈ្មោះ​ ពេជ្រ​ ប៊ុន្ថា​ ​អាយុ៣៣ឆ្នាំ​ ជាសន្តិសុខយាមក្លឹបហ្គោលឡាញ​ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងើតហេតុ។ ចំណែក​ឯ​ជនរងគ្រោះ​មាន​ឈ្មោះ​ វ៉ា​ រី​ អាយុ៣៣ឆ្នាំ​ ជាអ្នកបើកម៉ូតូកង់បីឥណ្ឌា​ ស្នាក់នៅ​​ក្នុង​សង្កាត់​កាកាប​ទី​១​ ខណ្ឌពោធិ៍​សែន​ជ័យ​។

ប្រភពពត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស៣នាក់បានដើរ​ តាម​បណ្ដោយ​ផ្លូវលេខ​១៩៨៦​ ក្នុងទិស​ដៅ​ពី​កើត​ទៅ​លិច​ និងក្នុងស្ថានភាពស្រវឹង​ ដោយ​បណ្តើរ​ជនបង្ក​ស្រែកឡូឡា​រកអ្នកណាខ្លាំង។ ខណៈដើរមកដល់ចំណុចកើតហេតុជនបង្ក​​ក៏​បាន​ដើរ​ឆ្លងផ្លូវ​ទៅ​ផ្លូវម្ខាងទៀតតែម្នាក់ឯងពេល​ដើរ​ឆ្លងបានពាក់​កណ្ដាល​ផ្លូវ​ស្រាប់​តែមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ ​1HD-6332 បើកបរដោយបុរសម្នាក់​ មានដឹកនារី​ម្នាក់​ពីក្រោយ​ ភ្លាមនោះ​ជនបង្ក​បានឈប់នៅកណ្តាលផ្លូវ​ ហើយចង្អុលមុខជនរងគ្រោះស្រែកឲ្យឈប់កង់បី​។ហើយ​ជនរងគ្រោះក៏បានឈប់ម៉ូតូកង់បី​ចម្ងាយប្រមាណ១០ម៉ែត្រ​ពី​ជនបង្ក ដោយជនបង្ក​រត់សំដៅទៅវាយកញ្ចក់​ម៉ូតូ​កង់បី​របស់​ជនរងគ្រោះ​មួយដៃ​បណ្ដោយ​ឲ្យ​បែក​ស្រាំ​ ហើយក៏កើតជាឈ្លោះ​ប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​ក ហើយក៏ត្រូវប្រជាពលរដ្ឋដែលនៅក្បែរនោះជួយចាប់ឃាត់ និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យជួយមកអន្តរាគមន៍។

នៅចំពោះ​មុខ​សមត្ថកិច្ច​ជនបង្កបាន​ឆ្លើយ​សារភាព​ថារូបគេពិតជាបានវាយបំបែក​កញ្ចក់ម៉ូតូកង់បីរបស់ជនរងគ្រោះពិតប្រាកដមែន​ ព្រោះដោយមុនពេលកើតហេតុរូបគេទើបតែចេញមកពីកន្លែងធ្វើការហើយបម្រុងដើរទៅបន្ទប់ជួល​ ខណ:ដើរឆ្លងផ្លូវស្រាប់តែម៉ូតូកង់បីបម្រុងបើកបំបុករូបគេ​ ហើយភ្លាមៗនោះរូបគេក៏បានវាយកញ្ចក់ម៉ូតូកង់បីមួយដៃដើម្បីការពារខ្លួន។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចនាំជនបង្កមកសមត្ថកិច្ចប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​ភ្នំពេញថ្មី​ ដើម្បីកសាងសំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ដើម្បី​ចាត់​ការ​ទៅ​តាម​នីតិវិធី ​៕ ជ្រោយពេជ្រ


ចែករំលែក៖