ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ស្រាល ក្នុងគ្រោះថ្នាក់ចរាចរ ម៉ូតូ២គ្រឿងបុកគ្នា

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ និងពីរនាក់ទៀតរងរបួសធ្ងន់ស្រាល​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅម៉ោង​១០​ និង៣០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨​ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោមកែង និងផ្លូវ​២៦១ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើត​ហេតុ គេឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា​វ៉ែវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1H-1927 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦១ ក្នុងទិសសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ មានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា ហ្សូម័រអ៊ិច​ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GE-2537 ជិះដោយបុរសម្នាក់ តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត​បុកគ្នាពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូហ៊្សូ ម័រអ៊ិចផ្លោងបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ ចំណែកអ្នកបើកម៉ូតូវ៉ែវរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ត្រូវបានរថយន្តសង្គ្រោះក្លីនីករស្មីពីរគ្រឿង មកដឹកជនរងគ្រោះទាំងបីនាក់ ទៅសង្គ្រោះភ្លាមៗដោយស្ថានភាពអ្នករងគ្រោះពីរនាក់ធ្ងន់ធ្ងរពេក បានបញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាលម៉ែត ហើយបានស្លាប់ម្នាក់ ។

ជនរងគ្រោះ(ស្លាប់) និងអ្នករងរបួសធ្ងន់ស្រាលមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយក​ម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវ​គោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ រីឯសពជនរងគ្រោះសមត្ថកិច្ច​ស្រាវជ្រាវរក​សាច់ញាតិប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពីណី ៕ ជ្រោយពេជ្រ


ចែករំលែក៖