ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ឆ្លៀតឱកាសពេលគេកំពុងរៀបពិធីមង្គលការ បន្លំចូលលួចគ្រឿងអលង្ការត្រូវម្ចាស់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែង ពីបទលួចបន្លំចូលលួចគ្រឿងអលង្ការ កាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិ ស័ក ព.ស ២៥៦២ ត្រូវ នឹង ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលប្រព្រឹត្តនៅចំណុចផ្ទះរៀបពិធីមង្គលការ ផ្ទះលេខ៣៤ ផ្លូវលេខ៣៥១ ក្រុមទី៧ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈឿន វាសនា ហៅស្នា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានទីកន្លែងកំណើត សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ។ចំណែកជនរងគ្រោះឈ្មោះ ហួត ចាន់រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មិតហ្វូន ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវលេខ៣៥១ ក្រុមទី៧ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន ៖ គ្រឿងអលង្ការ ចិញ្ចៀនមាស១វង់ទម្ងន់១ជី , ចិញ្ចៀនប្លាទីន១វង់ទម្ងន់៣ជី ,ចិញ្ចៀនប្រាក់ដាំត្បូង ពណ៌ស្វាយ១វង់ , ខ្សែកប្លាទីន ១ខ្សែទម្ងន់២ជី , ខ្សែកប្លាទីនស១ខ្សែទម្ងន់២ជី , ក្រវឹកប្លាទីន២គូ ទម្ងន់១ជី , បណ្តោងដាំត្បូងពណ៌ស្វាយចំនួន៧ , បណ្ដោងរូបព្រះ១ សរុបតម្លៃ ប្រហែល ២៥០០$ (ពីរពាន់ប្រាំរយដុល្លារ សហរដ្ឋអាមេរិក) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក រៀល សុភិន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចធ្វើតេស្តិ៍ទឹកនោមជនសង្ស័យឈ្មោះ ឈឿន វាសនា ហៅ ស្នា លទ្ធផលមានសារធាតុញៀន។បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ស តារា


ចែករំលែក៖