ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យ៣០ឆ្នាំម្នាក់ស្រវឹងស្រាជិះម៉ូតូខុសផ្លូវបុកបង្គោលស្ពានបាក់.កស្លាប់

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសវ័យ៣០ឆ្នាំម្នាក់ ស្រវឹងស្រាជោគជាំ ជិះម៉ូតូម្នាក់ឯងមក ពីផ្ទះមិត្តភ័ក្ត្រនៅស្រុកសូទ្រនិគម ខេត្ត សៀមរាប ដើម្បីត្រឡប់ទៅផ្ទះវិញតាម កំណាត់ផ្លូវជាតិលេខ៦ លុះមកដល់ចំណុច កើតហេតុ រ៉េពេញផ្លូវ រួចក៏ជ្រុលទៅបុក បង្កាន់ដៃបង្គោលស្ពាន អែបលូ ធ្លាក់ចុះទៅ ក្រោម បណ្តាលឱ្យបាក់.កស្លាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរមកចោមរោមមើលរហូតកកស្ទះចរាចរផង។

ហេតុការគ្រោះថ្នាក់ចរាចរម្នាក់ឯង បណ្តាលឱ្យស្លាប់នោះបានកើតឡើងកាលពីវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ស្ពានរ៉ូង ក្នុងភូមិក្បូនគោកចាស់ ឃុំគោក ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោកវេសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលស្រុក សូទ្រនិគម បានប្រាប់តាមទូរស័ព្ទនៅវេលា ម៉ោង៨ និង៤៦នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ថា ក្រោយពេលកើតហេតុមានប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំង សមត្ថកិច្ចថា មានបុរសម្នាក់បានជិះម៉ូតូតែម្នាក់ឯងហាក់បីដូចជាស្រវឹងស្រា បានជិះ ទៅបុកបង្គោលស្ពានអែបលូ ធ្លាក់ចុះ ក្រោមស្ពានបណ្តាលឱ្យបាក់.កស្លាប់ភ្លាមៗ មួយរំពេច។

លោកបានបន្តថា ជនរងគ្រោះដែលជិះម៉ូតូបុកបង្កាន់ដៃបង្គោលស្ពានបណ្តាលឱ្យបាក់.ក ស្លាប់នោះឈ្មោះ លៀង រ៉ាឌី អាយុ៣០ឆ្នាំ មានទីលំនៅភូមិមណ្ឌល ២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប បានជិះម៉ូតូមកពីទិសខាងកើត (ចេញពីដំដែក ស្រុកសូទ្រនិគម)មកលិច(ត្រឡប់ទៅផ្ទះវិញនៅខេត្តសៀមរាប ម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ ស្លាកលេខ សៀមរាប 1C-6831 ។

លោកបានបញ្ជាក់បន្ថែមថា បន្ទាប់ពីកម្លាំងជំនាញបានចុះវាស់វែងរួចរាល់ រួចក៏យកម៉ូតូរបស់ជនរងគ្រោះឡើងមកលើ ដើម្បីស្វែងរកក្រុមគ្រួសារ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវ បានកម្លាំងជំនាញប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តសៀមរាប៕ ប៊ុនរិទ្ធី


ចែករំលែក៖