ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ឡើងប្រក់ដំបូលនៅក្នុងផ្សារកណ្ដាល ត្រូវខ្សែភ្លើងឆក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលជាអាជីវករលក់ដូរនៅក្នុងផ្សារកណ្ដាល បានឡើងទៅប្រក់ដំបូលនៅតូបលក់ដូររបស់ខ្លួន បណ្ដាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្នុងបរិវេណផ្សារកណ្ដាល តាមផ្លូវលេខ៥ កែងផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។

បុរសរងគ្រោះឈ្មោះ ជា អាយុជាង៤០ឆ្នាំ មុខរបរជាអាជីវករលក់ដូរក្នុងផ្សារកណ្ដាល និងជាមន្រ្តីនគរបាលម៉ូតូស ស្នាក់នៅខាងក្រោយព្រះបុរមរាជវាំង សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះឃើញតូបរបស់ប្រពន្ធលក់ដូរធ្លោះធ្លាយ ហើយគាត់បានឡើងទៅប្រក់ដំបូលសាំងកាសីវិញ ពេលដែលគាត់ឡើងប្រក់នោះក៏ត្រូវនិងខ្សែរភ្លើងបណ្ដាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ធ្លាក់ពីលើបណ្ដាលឲ្យរងគ្រោះធ្ងន់ ។ ភ្លាមនោះប្រពន្ធរបស់គាត់ និងប្រជាពលរដ្ឋនៅក្នុងផ្សារដែលបានឃើញហេតុការណ៍នោះ នាំគ្នាជួយអន្តរគមន៍ដោយយកខ្សាច់ទៅគប់លើខ្លួនជនរងគ្រោះ និងហៅរថយន្តសាមុយដឹងជនរងគ្រោះទៅសង្រ្គោះផងដែរ ។ បន្ទាប់ពីរថយន្តសាមុយមកដល់នោះ បានលើជនរងគ្រោះឡើងលើរថយន្តសង្រ្គោះផងដែរ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ៕ស តារា

 


ចែករំលែក៖