ព័ត៌មានទាន់ហេតុការណ៍៖

បុរស៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងករណីហិង្សាដោយចេតនាបណ្ដាលឲ្យបុរសម្នាក់ទៀតទទួលរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ចាប់ខ្លួនបុរស៣នាក់ ក្រោយពីមានករណីហិង្សាវាយទៅលើបុសម្នាក់ទៀត ដែលជាភ្ញៀវ បណ្ដាលឲ្យទទួលរងបួសធ្ងន់ ។ ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នួន សុជា ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (រងរបួសដេរ៤០ថ្នេរ) ។ ចំណែកឯសង្ស័យមានគ្នា៣នាក់ ទី១-ឈ្មោះ រស់ ចំរ៉ុង ហៅញ៉ាញ់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះ ម៉ាច និត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យទី១និងទីនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី៣-ឈ្មោះ តាត ចាន់ធឿន ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ក្នុងករណីនេះផងដែរ សមត្ថកិច្ចដកហូតវត្ថុតាងមាន៖ ដែកបំពង់ជ្រុងចំនួន០២ដើម និងអំបុសដងឫស្សីមូលចំនួន០១ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ នួន សុជា បានឈ្លោះទាស់ពាក្យសំដីគ្នាជាមួយស្រ្ដីជាបុគ្គលិកម៉ាស្សាម្នាក់ឈ្មោះ តុង ចំរើន ហៅយូរី អាយុ២៨ឆ្នាំ រហូតធ្វើឲ្យជនរងគ្រោះបានទះកំភ្លៀងទៅលើស្រ្ដីឈ្មោះ តុង ចំរើន ចំនួនមួយ រួមហើយ ក៏ដើរចេញមកខាងក្រៅ ភ្លាមនោះជនសង្ស័យឈ្មោះ តាត ចាន់ធឿន ជាអ្នកគ្រប់គ្រងបានដើរមកសួរថា ប្អូនមានរឿងអីបានជាវាយមនុស្សស្រីយ៉ាងដូច្នេះ រួចកៀកក.ជនរងគ្រោះចូលខាងក្នុងដើម្បីសួររកខុសត្រូវ តែជនរងគ្រោះមិនព្រមចូលទៅខាងក្នុងផ្ទះវិញនោះទេ ដោយច្រាន

ជនសង្ស័យឈ្មោះ តាត ចាន់ធឿន យ៉ាងខ្លាំង ធ្វើឲ្យជនសង្ស័យឈ្មោះ តាត ចាន់ធឿន ខឹងក៏វាយជនរងគ្រោះមួយដៃ ភ្លាមនោះជនរងគ្រោះរត់ទៅផ្ទះបាត់ ។ លុះប្រហែល១ម៉ោងក្រោយមក ស្រាប់តែជនរងគ្រោះត្រឡប់មកវិញ ដោយមានកាន់ដែកថ្នាំងអំពៅមកវាយលើជនសង្ស័យឈ្មោះ តាត ចាន់ធឿន តែវាយមិនត្រូវធ្វើឲ្យជនសង្ស័យមានការភ័យក៏រអិលជើងធ្លាក់ចូលប្រឡាយរងរបួសស្រាល ។

ក្នុងហេតុការណ៍នោះផងដែរ បក្ខពួករបស់ជនសង្ស័យឈ្មោះរស់ ចំរ៉ុង ហៅញ៉ាញ់ បានស្ទុះទៅយកដាវមកកាប់លើជនរងគ្រោះចំនួន១ដាវ បណ្ដាលឲ្យជណរងគ្រោះទទួលរងរបួសធ្ងន់ចំថ្ពាល់ដេរចំនួន៤០ថ្នេរ រួចជនសង្ស័យបានបោះដាវនោះចោល ចំណែកឯជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ាច និត ភេទប្រុស បានកាន់ដែកទីបជ្រុងបម្រុងវាយទៅលើងជនរងគ្រោះ តែដោយឃើញជនរងគ្រោះមានរបួសធ្ងន់ក៏បោះដែកទីបចោលដោយពុំបានវាយទេនោះទេ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖