ព័ត៌មានទាន់ហេតុការណ៍៖

បុរស៥នាក់រងរបួសធ្ងន់ស្រាលដោយសារម៉ូតូបើកបញ្ច្រាសទិសបុកគ្នានៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរស៥នាក់រងរបួសធ្ងន់ ស្រាល ដោយករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូបុកបញ្ច្រាសគ្នាលាន់សូរដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរកាលពីថ្ងៃ សុក្រ ១២រោជ ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៦៣០ នាទីប្រលប់ លើផ្លូវលេខ ៣១៥C ស្ថិតក្នុងភូមិ តារាងបាល់ សង្កាត់ គយត្របែក ក្រុង ស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានប្រាប់កាសែតនគរវត្តឲ្យដឹងថា មានម៉ូតូបង្កម៉ាក ហុងដាសេ ១១០ ពណ៌ ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សូ ចំណាប់ អាយុ ១៩ ឆ្នាំ មុខរបរ កសិករ និងអ្នករួមដំណើរឈ្មោះ សូ មនោ អាយុ ២៩ ឆ្នាំ មុខរបរ កសិករ ឈ្មោះ អ៊ំ វុទ្ធី អាយុ ២៣ ឆ្នាំ មុខរបរ កសិកអ្នកទាំង៣រស់នៅភូមិ ពោធិតារស់ ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង។

ចំណែកភាគីម៉ូតូរងគ្រោះមានឈ្មោះ ម៉ៅ អាយុ ១៨ ឆ្នាំ មុខរបរ កសិករ និងអ្នករួមដំណើរឈ្មោះ ហង្ស កុសល ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ កសិកររស់នៅភូមិ សាលារៀន ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានម៉ូតូម៉ាក ហុងដាសេ១១០ ពណ៌ ខ្មៅ គ្មានស្លាកលេខជិះគ្នា៣នាក់ធ្វើដំណើរពីជើងទៅត្បូងលើផ្លូវលេខ ៣១៥Cក្នុងល្បឿនលឿន មិនប្រកាន់ស្ដាំ ស្រាប់តែទៅបុកម៉ូតូម៉ាក គុបពណ៌ ខៀវ គ្មានស្លាកលេខ ជិះគ្នា២នាក់ ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឺងលាន់សូរដូចរន្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល និងចោមរោមមើលពីប្រជាពលរដ្ឋ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកសង្គ្រោះដឺកទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងវាស់វែង អូសយកមធ្យោបាយ ម៉ូតូទាំង២គ្រឿងយករក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលសង្កាត់គយត្របែក ដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖