ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកសម្លាប់បួននាក់ មួយគ្រួសារហើយដុតកម្ទេចផ្ទះចោលបង្វែរដាន

ចែករំលែក៖

ខេត្តក្រចេះ៖ សមាជិកគ្រួសារ ដែលមានកូនពីរនាក់នឹងឪពុកម្តាយរស់នៅដាច់ស្រយ៉ាលមួយ ត្រូវបានឃាតកសម្លាប់ហើយដុតកម្ទេចចោលនៅក្នុងផ្ទះស្លាប់យ៉ាងវេទ​នា ។ ហេតុការណ៍នេះ សមត្ថិច្ចសង្ស័យពាក់ព័ន្ឋលើករណីឃាតកម្មនៅចំណុចកោះប្រឹម ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។

សមត្ថកិច្ចសន្និដ្ឋានទំនងអាចកើតឡើងរយៈពេលពីរបីថ្ងៃមកហើយ ក្នុងនោះមានជនរងគ្រោះ ទី១ ឈ្មោះ ឆុំ ឈាន ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាឪពុក, ទី២ឈ្មោះ ជួន សុខនាង ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាប្រពន្ធ ។ ទី៣ ឈ្មោះ ឈាន ភឹមសី ភេទប្រុស អាយុ១១ឆ្នាំ ត្រូវជាកូន និងទី៤ឈ្មោះ ឈាន វណ្ណី ភេទស្រី អាយុ៩ឆ្នាំត្រូវជាកូន ។

ឯជនសង្ស័យមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ បើគិតត្រឹមវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ ។

សមត្ថកិច្ចសន្និដ្ឋានថា ក្រោយពីជនសង្ស័យធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរួចហើយ ក៏បានដុតផ្ទះ និងសាកសពដើម្បីបង្វែរដាន ជាគ្រោះអគ្គិភ័យ ។ នៅកន្លែងកើតហេតុ គេបានប្រទះឃើញមានសំបកកាំភ្លើង ដែលជាតម្រុយក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ចផងដែរ ។ លោក យ៉ាន់ ហ៊ាង អធិការនគរបាលស្រុកចិត្របុរីបានបញ្ជាក់យ៉ាងខ្លីនៅវេលាម៉ោង២និង៣នាទី ថ្ងៃដដែលនេះ ថា ខណៈនេះកម្លាំងរបស់លោក កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅកន្លែងកើតហេតុនៅឡើយ ។

លោកមិនទាន់អាចឆ្លើយតបព័ត៌មានលម្អិតបានទេ ព្រោះទីតាំងកើតហេតុ ស្ថិតនៅតំបន់ដាច់ស្រយាលក្នុងព្រៃឆ្ងាយពីភូមិគេរស់នៅ មិនមានសេវាទំនាក់ទំនងគ្នាទេ ។ ករណីនេះ សមត្ថកិច្ចសមត្ថកិច្ចទទួលព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញ ហើយរាយការណ៍ដល់កម្លាំងសមត្ថកិច្ច ។

សាកសពសមត្ថកិច្ចក៏បានរៀបចំប្រមូលបញ្ចុះទុកបណ្តោះអាសន្នរង់ចាំស្រាវជ្រាវរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅពេលក្រោយទៀតផងដែរ ៕ ជីវ័ន្ត


ចែករំលែក៖