ព័ត៌មានទាន់ហេតុការណ៍៖

បើកជែងរ៉ឺម៉កជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត រងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿងបើកបន្ថែមល្បឿនវ៉ាជែងរ៉ឺម៉កបើកនៅខាងមុខ មិនប្រយ័ត្នជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំង២គ្រឿងរងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៧និង១០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ លើផ្លូវលេខ ១១០ ស្ថិតក្នុងភូមិព្រែកតារ័ត្ន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះជាអ្នកបើកបរម៉ូតូបង្កម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1L- 3820 បើកបរដោយឈ្មោះ នី រ៉ាវុធ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិកំពង់គ ឃុំពោធិ៍បាន ស្រុកកោះធំ (រងរបួសធ្ងន់) រីឯភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាគុបជ្រុង ធុនសេ៥០ ពណ៌ខៀវចាស់ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ទ្រី ម៉េងលាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិថ្មី ឃុំពោធិ៍បាន ស្រុកកោះធំ (រងរបួសធ្ងន់) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ធ្វើដំណើរលើកំណាត់ផ្លូវលេខ១១០ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ម៉ូតូហុងដាឌ្រីម ធុនសេ១២៥បានបន្ថែមល្បឿនវ៉ាជែងរ៉ឺម៉កបើកនៅខាងមុខ តែវ៉ាមិនប្រយ័ត្ន បានជ្រុលទៅបុកជាមួយនិងម៉ូតូម៉ាកហុងដា ធុនសេ៥០ គុបជ្រុង ដែលធ្វើដំណើរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំងសង្ខាងទទួលរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ រីឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបាននគរបាលចរាចរណ៍ស្រុក ចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖