ព័ត៌មានទាន់ហេតុការណ៍៖

បើកបរទាំងស្រវឹងរេចង្កូតបុកបង្គោលភ្លើងស្ទើរបាក់នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញៈ បង្គោលភ្លើងបំភ្លឺផ្លូវ១ដើម នៅកណ្តាលសួនច្បារ ផ្លូវជាតិលេខ១ បានរងនូវកម្លាំងបុកពេញទំហឹង ពីអ្នកបើកបររថយន្តក្នុងស្ថានភាពស្រវឹង បណ្តាលឲ្យរថយន្តខ្ទេចក្បាលចំណែកបង្គោលស្ទើរបាក់ ដោយឡែកអ្នកបើកបររថយន្តមិនមានគ្រោះថ្នាក់ឡើយ ។

ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ហ៊ីឡាក់វីហ្គោ ពាក់ស្លាកលេខ AT 2-0552 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ តែសមត្ថកិច្ចប្រាប់ថា អ្នកបើកបរមានធុំក្លិនស្រាជាមេការនៅក្នុងក្រុមហ៊ុនលាយបេតុង ទើបបង្កើតថ្មីមានទីតាំងនៅភូមិបឹងឈូកសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

លោកឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរបានឲ្យដឹងថា រថយន្តបង្កបើកបរក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុ អ្នកបើកបររថយន្តបានបើកប្រជែងរថយន្ត១គ្រឿងទៀតនៅពីមុខបណ្តាលឲ្យរេចង្កូតទៅឆ្វេងដៃបុកបង្គោលភ្លើងតែម្តង បណ្តាលឲ្យរថយន្តខ្ទេចក្បាល ដោយឡែកបង្គោលភ្លើងបំភ្លឺផ្លូវកំពិតស្ទើរបាក់ ចំណែកអ្នកបើកបរមិនមានគ្រោះថ្នាក់ឡើយ ។

បើតាមការពិនិត្យអ្នកបើកបររថយន្តមានផឹកជាតិស្រវឹង ក្រោយកើតហេតុរថយន្តបង្កត្រូវសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីដោះស្រាយការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋ ៕ សណ្តោស


ចែករំលែក៖