ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូយ៉ាងលឿនដល់ផ្លូវកោង រេចង្កូតបុកបង្គោលថ្មស្លាកសញ្ញា ដួលស្លាប់ម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសវ័យកណ្ដាលម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ ពេលដែលបុរសរូបនេះ បានបើកបរម៉ូតូក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង ដល់ផ្លូវកោង ក៏រេចង្កូតបត់មិនទាន់ជ្រុលទៅបុកបង្គោលថ្ម ស្លាប់នៅនឹងកន្លែងតែម្ដង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២១:០០នាទី ថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

នគរបាលជំនាញចរាចរណ៍ក្រុងប៉ៃលិនបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ន ប៊ុនណាត ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅក្នុងភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក Honda Dream សេរីឆ្នាំ២០០២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង I-7916 ។

សាកសពជនរងគ្រោះត្រូវបាននគរបាលជំនាញចរាចរណ៍ក្រុង ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃ ៕ ស សារ៉េត


ចែករំលែក៖