ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូជែងរថយន្ដខាងមុខមិនប្រយ័ត្នជ្រុលទៅបុករថយន្ដមួយគ្រឿងទៀត ច្រាស់ទិសគ្នាបណ្ដាលឲ្យរបួសធ្ងន់ ស្រាល២នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្មេងប្រុស២នាក់បើកម៉ូតូឌុបគ្នាបន្ថែមល្បឿនជែងរថយន្ដបើកស្របទិសគ្នាមិនផុតបានជ្រុលទៅបុករថយន្ដដឹកខ្សាច់មួយគ្រឿងបើកច្រាស់ទិសគ្នា បណ្ដាលឲ្យក្មេងប្រុសរងគ្រោះជាអ្នកបើកម៉ូតូរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។ ហេតុការណ៍ខាងលើនេះបានកើតកាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកល្វាឯមបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះរបួសធ្ងន់ឈ្មោះកុសល វិសាល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស បើកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FP-2630 រួមដំណើរជាមួយឈ្មោះ កុសល វិស័យ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (រងរបួសស្រាល) ។ ក្មេងប្រុសរងគ្រោះទាំង២នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅភូមិពោធិធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។ ចំណែករថយន្ដម៉ាក NISSAN DIESEL ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ PP-1151 (ចង្កូតស្តាំ) បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់ស្រមោល) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញក្មេងប្រុសទាំង២នាក់បើកម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវលេខ៣៨០ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក្មេងប្រុសជាអ្នកបើកបរម៉ូតូទាំង២នាក់ បានបន្ថែមល្បឿនជែងរថយន្ដនៅខាងមុខបើកស្របទិសគ្នា តែជែងមិនផុតបានជ្រុលទៅបុកជាមួយរថយន្ដមួយគ្រឿងទៀតបើកច្រាស់ទិសគ្នា បណ្ដាលឲ្យក្មេងប្រុសរងគ្រោះទាំង២នាក់ទទួលរងរបួសធ្ងន់ស្រាលតែម្ដង ។

ក្រោយពីមានហេតុការណ៍កើតឡើង ក្មេងប្រុសរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចចរាចរណ៍ចុះវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖