ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូឌុបគ្នាឆ្លងថ្នល់ រថយន្តបើកលឿនបុកស្លាប់១ របួសធ្ងន់១

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរស២នាក់ បើកម៉ូតូឌុបគ្នាបត់ឆ្លងថ្នល់ មិនបង្អង់ ស្រាប់តែរថយន្ត១គ្រឿង កំពុងបើកលឿនជាន់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតបុកចំពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ។ ចំណែកម្ចាស់រថយន្ត រត់គេចខ្លួន ។ គ្រោះថ្មាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ៤ក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ។

ជនរងគ្រោះទី១-ឈ្មោះ អ៊ុក សុផា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខកោះកុង 1A-0877 ។ ជនរងគ្រោះទី២-ឈ្មោះ សំ សុីណូ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិត្រាចជ្រុំ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្លាប់នៅកន្លែងកើតហេតុ ។ ចំណែករថយន្តបង្កហឹតុ ម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE-6785 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ។

ប្រភពព័ត៌មាន ពីសាក្សីនៅកន្លែងកើតហេតុបានឆ្លើយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គេឃើញម៉ូតូរងគ្រោះ បើកតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ឌុបគ្នា២នាក់ ។ លុះមកដល់ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ បានបត់ម៉ូតូឆ្លងថ្នល់ឆ្ពោះទៅជើង ។ ខណៈម៉ូតូ ឆ្លងមិនទាន់ផុតផង ស្រាប់តែមានរថយន្ត១គ្រឿងដូចភិនភាគខាងលើ កំពុងបើកបរយ៉ាងលឿនទិសដៅពីកើតទៅលិច ជាន់ហ្វ្រាំងមិនជាប់បានជ្រុលចង្កូតបុកម៉ូតូចំពេញទំហឹង បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀត របួសធ្ងន់ ។ ចំណែកអ្នកបើកបរបង្ក បានរត់គេចខ្លួន ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ បញ្ជូនអ្នករបួសធ្ងន់ ទៅមន្ទីរពេទ្យ និងស្រាវជ្រាវរកសាច់ញាតិ ឲ្យមកទទួលយកសាកសពទៅគេហដ្ឋាន ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកម៉ូតូដែលខូចខាតធ្ងន់ធ្ងរ និងរថយន្តបង្ក សមត្ថកិច្ចប្រគល់ឲ្យនគរបាលការិយាល័យចរាខរណ៍ជើងគោកខេត្ត ដោះស្រាយតាមច្បាប់ ៕ សេនាស័ក្តិ


ចែករំលែក៖