ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូទៅកៀររថយន្តម៉ាក CHEVROLET សង២០០ដុល្លារ ដើម្បីបញ្ជប់រឿង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកកៀររថយន្តមួយគ្រឿងម៉ាក CHEVROLET ដែលកំពុងចតនៅស្ងៀមតាមចិញ្ចើមផ្លូវ បណ្តាលឲ្យឆ្កូតអស់មួយ​ចំហៀង ហើយត្រូវម្ចាស់រថយន្តចាប់ឲ្យសងជាសំណងចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩ និង១៥នាទីព្រឹកថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវលេខ ៣៣៨ ក្នុងសង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាកCHEVROLET ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AF-0467 ត្រូវបានបុរសម្នាក់ជាម្ចាស់រថយន្តបើកយកមកចតទុកស្ងៀមនៅចំណុចខាងលើ។ លុះបន្តិចក្រោយមកក៏ស្រាប់តែមានម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FK-1073 បើកបរដោយបុរស ម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នានោះ បើកទៅកៀររថយន្តរងគ្រោះបណ្តាលឲ្យឆ្កូតអស់មួយចំហៀងខាងឆ្វេងតែម្តង ។

ក្រោយកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ដោយឲ្យភាគីទាំង២ ដោះស្រាយគ្នា ដោយភាគីខាងម៉ូតូយល់ព្រមសងថ្លៃខូចខាត ទៅដល់ម្ចាស់រថយន្តដែលរងការខូចខាតខាងលើចំនួន ២០០ ដុល្លារបញ្ចប់រឿងតែម្តង ៕ស រស្មី


ចែករំលែក៖