ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូបត់ឆ្លងផ្លូវ មិនប្រយ័ត្នត្រូវរថយន្ដបុកបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់រងរបួសស្រាល

ចែករំលែក៖

ខេត្តកណ្ដាល៖ នារីម្នាក់ស្លាប់អាណោចអាធ័មនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល ខណៈជនរងគ្រោះទាំង២នាក់ខាងលើ បើកបរម៉ូតូឌុបគ្នាឆ្លងផ្លូវខ្វះការប្រយ័ត្ន ត្រូវរថយន្ដមួយគ្រឿងបើកមកពីក្រោយស្របគ្នាបុកពេញមួយទំហឹង នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា នារីរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ពិន សុផាន ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅភូមិដូង ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ រួមដំណើរដោយឈ្មោះ សម្បត្តិ ផាន្នី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិជម្ពូព្រឹក ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ (រងរបួសស្រាល) ។ ចំណែករថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-1206 បើកបរដោយឈ្មោះ ថន សុភី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញនារីរងគ្រោះខាងលើ បើកបរម៉ូតូដោយមានអ្នករួមដំណើរម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុចកើតហេតុនារីគ្រោះក៏បានបត់ម៉ូតូឆ្លងផ្លូវ ទៅឆ្វេងដោយពុំបានមើលមុខមុខក្រោយនោះទេ ខណៈនោះក៏មានរថយន្ដមួយគ្រឿងខាងលើ ធ្វើដំណើរស្របទិសគ្នា ឈប់មិនទាន់បានបុកម៉ូតូនារីរងគ្រោះពីក្រោយ បណ្ដាលឲ្យនារីរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលចរាចរណ៍ស្រុកអង្គស្នួល បានចុះទៅអន្ដរាគមន៍កន្លែងកើតហេតុ និងឃាត់ខ្លួនយុវជនជាអ្នកបើកបររថយន្ដទុក រួចធ្វើការវាស់វែងនិងពិនិត្យ រួចកសាងសំណុំរឿងយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពនារីរងគ្រោះ ត្រូវបាននគរបាលជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ បត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ទើបបានជារថយន្ដមកក្រោយបុកស្លាប់បែបនេះ ៕ ស្អាងជ័យ


ចែករំលែក៖