ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូបុករថយន្ត បញ្រ្ចាសទិសគ្នា របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជន២នាក់ បើកម៉ូតូដឹកគ្នា គ្មានពាក់មួកសុវត្ថិភាព បានជ្រុលបុករថយន្ត បើកបញ្រ្ចាសទិសគ្នា បណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់ ។ ចំណែកអ្នកបើករថយន្ត បានគេចខ្លួនបាត់។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងម៉ោង៣ និង០៥នាទីរសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ តាមផ្លូវកៅស៊ូ ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង។

ជនរងគ្រោះទី១ឈ្មោះ សន សំអូន ភេទប្រុស អាយុ២១ឆ្មាំ ជាអ្នកបើកម៉ូតូម៉ាកស៊ុយស៊ូគីលេត ពណ៌ស គ្មានស្លាកលេខ ។ ជនរងគ្រោះទី២ ឈ្មោះ សាន់ សុផា ភេទប្រុស អាយុ២៥ឆ្នាំ ។ ពួកគេទាំង២នាក់ រស់នៅភូមិត្រពាំងត្រាញ់ ឃុំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ចំណែករថយន្តម៉ាក ងុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ៣A-០៧០៧ អ្នកបើកបរ មិនស្គាល់ឈ្មោះ ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបាបឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បើកម៉ូតូដឹកគ្នាតាមផ្លូវកៅស៊ូពីជើងទៅត្បូង ។ លុះមកដល់ភូមិកើតហេតុខាងលើ បានរេចង្កូតបុករថយន្តចំពីមុខពេញទំហឹងខ្ទាតមនុស្សចេញពីម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ។ ចំណែកម្ចាស់រថយន្ត ក្រោយកើតហេតុ បានទុករថយន្តចោល រត់គេចខ្លួន ។

ក្រោយកើតហេតុ សមត្ថកិច្ច បានទៅដល់ ប្រញាប់បញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅគ្លីនិកឯកជន ។ ដោយឡែកយានយន្តទាំង២ យកមករក្សាទុកនៅអធិការដ្ឋាន ៕ សេនាស័ក្តិ


ចែករំលែក៖