ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូមិនគោរពសិទ្ធិអាទិភាពបុកជាមួយរថយន្តដឹកកម្មករ ត្រង់ផ្លូវបំបែកស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់បណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់ ដែលគេស្គាល់ថាជាមេភូមិមេលោងបានរងរបួសធ្ងន់ហើយស្លាប់ពេលមកដល់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ខណៈជិះម៉ូតូ ​មិនគោរពសិទ្ធិអាទិភាព ហើយជាអកុសលដល់ផ្លូវបំបែកជាបួនក៏​ត្រូវរថយន្ត​ម៉ាក Kia មួយគ្រឿង​មកបុកពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរឈប់ និងរាយការណ៍មកសមត្ថកិច្ច ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង​កាលពីថ្ងៃ អង្គារ ១៣ កើត ខែ កត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៦ និង៣០ នាទីល្ងាច ស្ថិតនៅលើផ្លូវបំបែកលេខ ៣១៥ ភូមិ ព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរស ដែលស្លាប់មានឈ្មោះ ម៉ៅ ខេម ភេទប្រុស អាយុ ៦៥ ឆ្នាំ មុខរបរ មេភូមិមេលោង រស់នៅភូមិ មេលោង សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដា គុបមូល ពណ៌ សំបកឪឡឹក គ្មានស្លាកលេខ ខូចខាតយ៉ាងដំណំ ។

ប្រភពឲ្យដឹងទៀតថាចំណែក រថយន្ដដឹកកម្មករម៉ាក Kia ពណ៌ស ពាក់ស្លាកលេខ សៀមរាប ៣A ០១១៩ ខណៈអ្នកបើកបរមិនត្រូវបានគេស្គាល់អត្ដសញ្ញាណនោះឡើយ បានរត់គេចខ្លួនបាត់ស្រមោល ពីកន្លែងកើតហេតុភ្លាមៗ ដោយបន្សល់ទុកតែរថយន្ដនៅកន្លែងកើតហេតុប៉ុណ្ណោះ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដា គុបមូល ពណ៌ សំបកឪឡឹក គ្មានស្លាកលេខ ដោយធ្វើដំណើរពីកើតទៅលិច មិនគោរពសិទ្ធិអាទិភាពលុះមកដល់ផ្លូវបំបែកជាបួនស្រាប់តែបុកជាមួយរថយន្តដឹកកម្មករ ដែលបើកពីត្បូងទៅជើងយ៉ាងពេញទំហឹងតែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលជំនាញ​ក្រុងស្វាយរៀងបានចុះវាស់វែង ហើយ បានអូសយកវត្ថុតាងទាំង២គ្រឿងទៅរក្សាទុកនៅករិយាល័យចរាចរណ៍ខេត្តស្វាយរៀង និងបានប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួល ៕ យឹម សុថាន


ចែករំលែក៖