ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនជែងគេ ជ្រុលបុករថយន្តហ្វ័ដដួលបោកក្បាលស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តតាកែវ៖ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនឹងរថយន្ត បណ្តាលឲ្យបុរសម្នាក់ ស្លាប់នៅនឹងកន្លែង បណ្តាកឲ្យម៉ូតូជនរងគ្រោះខូចខាតយ៉ាងដំណំ ឯអ្នក បើកបររថយន្តបង្កក្រោយកើតហេតុទុករថយន្តរួចគេចខ្លួនបាត់ ។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីយប់ ថ្ងៃចន្ទ ៣ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែ ធ្នូឆ្នាំ២០១៨នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៣៣-៣៤ ភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

មន្រ្តីនគរបាលចរាចរស្រុកបាទីបានឲ្យដឹងថាករណីនេះកើតឡើងរវាងម៉ូតូម៉ាកស៊ុយហ្ស៊ុយគី និច ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរពីជើងទៅត្បូង ដោយឈ្មោះ អន ផែន អាយុ២៥ឆ្នាំ បានជែងរថយន្តមួយគ្រឿងក៏ជ្រុលទៅបុករថយន្តម៉ាក ហ្វ័ដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-5521 បើកបរពីត្បូងទៅជើងច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗ ។ចំណែកអ្នកបើកបរថយន្តចុះគេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុភ្លាមសមត្ថកិច្ចបានវាស់វែង យកវត្ថុតាងយានយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី រង់ចាំដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ៕ ប្រាថ្នា


ចែករំលែក៖