ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូល្បឿនលឿនបុកស្រ្តីជាអ្នកថ្មើរជើងម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្រ្តីជាអ្នកថ្មើរជើងម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលស្រ្តីរងគ្រោះខាងលើ ដើរឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងបើក ដោយល្បឿនលឿន បុកស្រ្តីរងគ្រោះពេញ មួយទំហឹង បណ្ដាលឲ្យដួលបោកក្បាលទៅនឹងផ្លូវ រីឯអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ ២១​ ស្ថិតនៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង​ ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុក ស្អាងបានឲ្យដឹងថា ស្រ្តីរងគ្រោះបាត់បង់ជីវិត ឈ្មោះ សុក សាវ៉ន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកឯអ្នកបើកបរម៉ូតូ ពុំទាន់ស្គាល់អត្តសញ្ញាណ (របួសធ្ងន់) បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1AA-8159 ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញស្រ្តីរងគ្រោះ ជាអ្នកថ្មើរជើង ដើរឆ្លងផ្លូវពីលិចទៅកើត ខណៈនោះក៏មានម៉ូតូមួយ គ្រឿងបើកដោយល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ឈប់មិនទាន់ ជាន់ហ្វ្រាំងមិនជាប់ បានបុកស្រ្តីរងគ្រោះជា អ្នកថ្មើរជើងពេញមួយទំហឹង បណ្ដាលឲ្យស្រ្តីរងគ្រោះដួលបោកក្បាលទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់ ត្រូវមិត្តភក្តិដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលចរាចរណ៍ស្រុក បានចុះមកធ្វើការពិនិត្យ វាស់វែង កន្លែងកើតហេតុ រួចកសាងឯកសារដកហូតយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពស្រ្តីរងគ្រោះ ត្រូវបាននគរបាលជំនាញ ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៕ស្អាងជ័យ


ចែករំលែក៖