ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ដជែងក្នុងស្ថានភាពគ្រោះថ្នាក់ជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់ស្លាប់និងកុមារីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម និងកុមារីអាយុ២ឆ្នាំទទួលរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូត្រូវបានរថយន្ដមួយគ្រឿងបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ដោយមិនប្រយ័ត្ន បានបុកពេញមួយទំហឹង កាលពីវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ លើកំណាត់ផ្លូវលេខ៨ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ណង់ សំបូ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ជិះម៉ូតូម៉ាកវ៉េវ ធុនសេ១១០ ពណ៌ខ្មៅ គ្មានស្លាកលេខ រួមដំណើរជាមួយឈ្មោះ សំបូរ ធីតា ភេទស្រី អាយុ២ឆ្នាំ រងរបួសធ្ងន់ (ត្រូវជាកូនស្រី) ។ ចំណែកឯរថយន្ដបង្កមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណបើករត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដបង្ក បើកតាមបណ្ដោយផ្លូវលេខ៨ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្ដបង្កបានបន្ថែមល្បឿនបោះពួយយ៉ាងលឿនវ៉ាជេងរថយន្ដមួយគ្រឿងទៀតដែលបើកនៅខាងមុខ ដោយគ្មានការប្រុងប្រយ័ត្ននោះទេ ភ្លាមនោះក៏បានជ្រុលចង្កូតទៅបុកម៉ូតូរបស់ជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យដួលបោកក្បាលទៅនឹងផ្លូវស្លាប់ភ្លាមៗ រីឯកុមារីត្រូវជាកូនរបស់ជនរងគ្រោះទទួលរងរបួសធ្ងន់ ។ ចំណែកឯរថយន្ដបង្កបានបើករថយន្ដគេចខ្លួនបាត់ស្រមោលក្រោយពេលកើតហេតុ ។

ក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ ភ្លាមនោះក៏ចុះមកធ្វើការពិនិត្យវាស់វែងកន្លែងកើតហេតុ រួចកសាងឯកសារដកហូតយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះកុមារីរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖