ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ដមិនគោរពភ្លើងសញ្ញាបានបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្ដមួយគ្រឿងបើកដោយបោះពួយយ៉ាងលឿនមិនគោរពភ្លើងសញ្ញាចរាចរណ៍(ភ្លើងស្ដុប)បានជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូរងរបួសធ្ងន់ និងអ្នករួមដំណើររបួសស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបគល់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន តាមបណ្តោយផ្លូវលេខ២០៦ កែងផ្លូវជាតិលេខ២១A ស្ថិតក្នុង ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្ដបង្កពុំម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ (បើករត់គេចខ្លួនបាត់ស្រមោល) ។ ចំណែនជនរងគ្រោះរងរបួសធ្ងន់ពុំស្គាល់អត្ដសញ្ញាណ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1X-4767 មានអ្នករួមដំណើរម្នាក់ពុំស្គាល់អត្ដសញ្ញាណ (រងរបួសស្រាល) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដបង្កខាងលើធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចស្ដុបផ្លូវកែង២១បេ ដោយភ្លើងស្ដុបពណ៌ក្រហម ពុំទាន់ភ្លើងខៀវនោះទេ រថយន្ដខាងលើបានបើកបន្ថែមល្បឿនយ៉ាងលឿន ស្របពេលនោះមានម៉ូតូមួយគ្រឿងបើកបរក្នុងទិសដៅពីត្បូងទៅជើងតាមបណ្ដោយផ្លូវជាតិលេខ២១បេ រថយន្ដខាងលើបានបុកម៉ូតូពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកម៉ូតូទទួលរងរបួសធ្ងន់បាក់ជើងខាងស្ដាំ រីឯអ្នករួមដំណើរទទួលរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង រថយន្ដខាងលើបានបើករត់គេចខ្លួនបាត់ស្រមោល រីឯជនរងគ្រោះត្រូវរថយន្ដសាមុយរបស់មន្ទីរសម្រាកព្យាបាល(មហានគរ)ដឹកយកទៅភ្នំពេញដើម្បីសង្គ្រោះ ។ ចំណែកម៉ូតូត្រូវបានកម្លាំងជំនាញចរាចរណ៍ចុះធ្វើការវាស់វែងកសាងឯកសារយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖