ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តជែងមិនផុតជ្រុលបុកម៉ូតូចំពីមុខ របួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស២នាក់ រងរបួសធ្ងន់ធ្ងរ ត្រូវដឹកបញ្ជូនតាមរថយន្ត យកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ខណៈកំពុងតែជិះម៉ូតូមួយគ្រឿង ត្រូវបានបុរសជនជាតិចិនម្នាក់ រួមដំណើរដោយស្រីម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង យ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន បុកចំពីខាងមុខពេញទំហឹង រងរបួសធ្ងន់ធ្ងរ ទាំង២នាក់ នៅកន្លែងកើតហេតុ ចំណែកម៉ូតូ និង រថយន្តរងការខូចខាតទាំងសងខាង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សាក្សីឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនជាតិចិន២នាក់ ប្រុសម្នាក់ ស្រីម្នាក់ បើករថយន្តម៉ាកASX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AS-1828 បើកបរយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត ដោយខ្វះការប្រុងប្រយ័ត្ន បើកជែងរថយន្តមួយគ្រឿងផ្សេងទៀត ដែលកំពុងបើកបរខាងមុខ ហើយបានជ្រុលទៅបុកចំពីមុខម៉ូតូហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខ កំពង់ស្ពឺ 1L0347ដួលរងរបួសធ្ងន់ខាងម្ចាស់ម៉ូតូសន្លប់ស្តូកស្តឹង ចំណែកឯរថយន្តខូចខាតអស់មួយកំណាត់ខាងមុខ ។

រថយន្តបង្កបន្ទាប់ពីបង្កគ្រោះថ្នាក់រួចបានបត់ត្រឡប់ក្រោយ ចុះពីលើស្ពានបំរុងនឹងបើករត់គេចខ្លួន តែរថយន្តបានបែកកង់ និងខូចអស់មួយកំណាត់ខាងមុខផ្នែកខាងឆ្វេង ហើយបែកកង់ខាងមុខ បើកបានប្រហែលជា50ម៉ែត្រ ក៏ត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋឃាត់បាន មួយសន្ទុះក្រោយមកភ្លាមៗ។ រថយន្តសង្គ្រោះរបស់គ្លីនិកឯកជនរស្មី បានមកដឹកជនរងគ្រោះទាំង២នាក់ យកទៅសង្គ្រោះបន្ទាន់។

ក្រោយពេលកើតហេតុរួចមករថយន្តបង្ក និងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ចាន់ធឿន


ចែករំលែក៖