ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តដឹកអីវ៉ាន់ទាំងងងុយដេកជ្រុលល្បឿនបុកខឿនសួនច្បារ និងស្លាកប៉ាណូ កល់រថយន្តជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេ៖ រថយន្តដឹកអីវ៉ាន់១គ្រឿង ម៉ាកហុីយ៉ាន់ដាយគា ត្រូវម្ចាស់បើកបរក្នុងល្បឿនលឿនរេចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកស្លាកប៉ាណូនៅកណ្តាលសួនច្បារបន្ថែមទៀត បណ្តាលឲ្យបាក់អស់១ ចំណែករថយន្តកល់ជាប់នឹងខឿនទៅមុខលែងរួចតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោងជាង២រំលងអធ្រាត្រ ឈានចូលថ្ងែទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកូរ៉េដឹកអីវ៉ាន់១គ្រឿង ម៉ាកហុីយ៉ាន់ដាយគា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-0823 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន។ ខណៈមកដល់កន្លែងកើតហេតុ ទំនងជាអ្នកបើកបររថយន្តងងុយដេក បានរេចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ ធ្វើឲ្យរថយន្តហោះផ្លោងទៅបុកស្លាកប៉ាណូដែលដាក់នៅចំកណ្តាលសួនច្បារពេញទំហឹង បណ្តាលឲ្យដាច់ចេញមកក្រៅ ចំណែករថយន្តកល់ជាប់នឹងខឿនទៅមុខលែងរួច ហើយសំណាងនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះគ្មានអ្នករងរបួស និងស្លាប់។ ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តមកដោះស្រាយតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖