ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបុកអ្នកលក់ដូងម្នាក់របួសជើងទាំង២ រួចរត់យករថយន្តទៅផ្ញើក្នុងចំណតក្រោមដីនៅផ្សារសុវណ្ណា

ចែករំលែក៖

ភ្នំពេញ៖ បុរសជាអ្នកលក់ដូងម្នាក់ បានរងរបួសជើងទាំង២យ៉ាងធ្ងន់ធ្ងរ ខណៈដែលរថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿង បានបើកបុកទាំងកំរោល ហើយបុរសដែលបើករថយន្តបង្កនេះបានដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួចដាក់ជនរងគ្រោះចោលក៏បើករថយន្តគេចខ្លួនបាត់ស្រមោល បន្ទាប់មកទើបសមត្ថកិច្ចជំនាញខណ្ឌមានជ័យ តាមរករថយន្តបង្កឃើញនៅក្នុងចំណតរថយន្តក្រោមដីនៅផ្សារសុវណ្ណា ដែលម្ចាស់រថយន្តបើកមកលាក់ទុក ហើយត្រូវកម្លាំងសមត្ថកិច្ច ចុះមកធ្វើការដកហូតរថយន្តបង្ក ដើម្បីរង់ចាំម្ចាស់ចូលមកធ្វើការដោះស្រាយគ្នាតាមច្បាប់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង ៣០នាទីព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅចំណតក្រោមដីផ្សារសុវណ្ណា ដែលស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមសម្តីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការដកហូតរថយន្តមួយគ្រឿងម៉ាកតូយូតា កាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ2F-4122 ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍ បុកបុរសម្នាក់កំពុងឈរលក់ដូង បណ្ដាលឲ្យរងរបួសជើងទាំង២យ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៨នេះ នៅចំណុចខាងមុខ ក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

សមត្ថកិច្ចខណ្ឌមានជ័យបន្តទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនោះដែល គឺបុរសដែលបើករថយន្តបង្កនេះបានដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបានដាក់ជនរងគ្រោះចោល រួចបើកឡានគេចខ្លួនបាត់ស្រមោល ដោយមិនទាន់នឹងដោះស្រាយគ្នាផង ។

ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ ក៏បានទៅប្តឹងសមត្ថកិច្ចខណ្ឌមានជ័យនិងធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តបង្ក ដើម្បីឲ្យចូលខ្លួនមកដោះស្រាយគ្នាតាមនីតិវិធី ៕ស តារា


ចែករំលែក៖