ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនពេកកាច់ចង្កូតមិនទាន់ជ្រុលទៅបុកឃឿនផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិបរទេសប្រុសស្រី៤នាក់ បានធ្វើដំណើរួមគ្នាក្នុងរថយន្ត RAVE 4 មួយគ្រឿង ក្នុងស្ថានភាពស្រវឹង បានបើកទៅបុកនឹងឃឿនផ្លូវបណ្ដាលឲ្យរងការខូចខាត និងរងរបួសស្រាល២នាក់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្បែរនាគបាញ់ទឹក តាមបណ្ដោយផ្លូវព្រះសីហនុ កែងនឹងផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសាក្សីនៅក្បែរកន្លែងកើតហេតុ និងឃើញហេតុការណ៍នេះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តRAVE 4 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញបានបើកបរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ខណៈមកដល់កែងផ្លូវសុធារស ក៏ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលបុកនឹងឃឿនផ្លូវបណ្ដាលឲ្យរថយន្តផ្លោងហោះមកកណ្ដាលផ្លូវ ដាក់កាឡេ កង់មុខផ្នែកខាងឆ្វេងរងការខូចខាត ។

ប្រភពដដែលបនបន្តថា ក្រោយពីកើតហេតុ គេសង្កេតឃើញមានមនុស្សស្រី២នាក់រងរបួសស្រាល និងមនុស្សប្រុស២នាក់ទៀតពុំរងរបួសនោះទេ ដោយមានស្ថានភាពស្រវឹងស្រាទាំង៤នាក់ផងដែរ ហើយសុទ្ធសឹងតែជនជាតិបរទេសស្បែកស ។

បន្ទាប់មកពួកគេទាំង៤នាក់ បានរៀបនឹងឡើងម៉ូតូរុឺម៉កជិះទៅមន្ទីរពេទ្យទៅហើយ ស្រាប់តែត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកទាន់ រួចឃាត់មនុស្សប្រុស២នាក់នៅនឹងកន្លែង ហើយឲ្យមនុស្សស្រី២នាក់ ដែលរបួសស្រាលទៅមន្ទីរពេទ្យ ។

បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុង ចុះមក វាស់វែងរថយន្តបង្កខាងលើ និងឃាត់ជនបរទេសទាំង២នាក់ យកទៅកាន់ការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖