ព័ត៌មានទាន់ហេតុការណ៍៖

បើករ៉ឺម៉កលឿនមិនប្រយ័ត្នជ្រុលបុករថយន្តចតស្ងៀមរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ​៖ បុរសម្នាក់ជាអ្នករត់តាក់ស៊ី បានរងរបួសបាក់ជើង ខណៈកំពុងឈប់រថយន្តហើយឱនចងខ្សែនៅគូទរថយន្ត ហើយត្រូវរ៉ឺម៉កបើកមកបុកផ្ទប់នឹងរថយន្ត ចំណែកម្ចាស់រ៉ឺម៉ករងរបួសស្រាល ហើយត្រូវរថយន្តកងពលតូច៩១១ ដឹកអ្នករបួសធ្ងន់យកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ​ខែតុលា ​ឆ្នាំ២០១៨​ នៅចំណុចរង្វង់មូលចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ​។

ជនរងគ្រោះម្ចាស់រថយន្តឈ្មោះ ឃឹម​ កុសល​ ភេទប្រុស អាយុ៣៨ឆ្នាំ​។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តតូរីស​ ពណ៌ខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ2K 4188 ជារថយន្តតាក់ស៊ី​ ហើយបានបើកមកឈប់នៅចំណុចកើតហេតុរួចចុះពីរថយន្តមកចងខ្សែ នៅខាងក្រោយរថយន្តកំពុងតែឱនចង ស្រាប់តែមានបុរសម្នាក់ បើករ៉ឺម៉កមកពីក្រោយបុកពេញទំហឹងផ្ទប់នឹងរថយន្តបណ្តាលឲ្យម្ចាស់រថយន្តរងរបួសបាក់ជើងម្ខាង ចំណែកម្ចាស់រ៉ឺម៉ករងបួសស្រាល ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះកងពលតូច៩១១ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ចំណែករថយន្ត និងរ៉ឺម៉កត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖