ព័ត៌មានទាន់ហេតុការណ៍៖

បើកលឿនខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុករយន្តមួយគ្រឿងទៀតពីក្រោយរបួសធ្ងន់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលរថយន្ត១គ្រឿងបើកលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តមួយគ្រឿងផ្សេងទៀត ដែលនៅពីខាងមុខពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យមនុស្សម្នាក់ត្រូវរងរបួសធ្ងន់ ត្រូវដឹកតាមរថយន្តយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង៤៥ នាទី ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

យោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D -9165 បើកបរតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងទិសដៅពីកើតទៅលិច (ស្របទិសគ្នា)បើកបរក្នុងល្បឿនយ៉ាងលឿនដោយមិនមានការប្រុងប្រយ័ត្ន ហើយបានជ្រុលទៅបុកពីក្រោយរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B -1115 មួយគ្រឿងផ្សេងទៀតនៅពីខាងមុខយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតរថយន្តទាំង២គ្រឿងយ៉ាងដំណំ ចំណែកអ្នកបើកបរត្រូវរងរបួសធ្ងន់ហើយបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

តាមសមត្ថកិច្ចបាឲ្យដឹងថា អ្នកបើករថយន្តបង្កមិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយទេ បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យដោយរបួសធ្ងន់ពេក ចំណែកភាគីរថយន្តរងគ្រោះមានឈ្មោះ អុឹម សុធី ភេទ ប្រុស អាយុ ៣៨ឆ្នាំមុខរបរបើករថយន្ត ស្នាក់នៅភូមិ វៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្ត កំពង់ចាម។ សមត្ថកិច្ចបន្តថា គ្រោះថ្នក់ចរាចរណ៍ខាងលើនេះគឺបណ្តាលមកពីភាគីរថយន្តបង្កបើកលឿនខ្វះការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ទើបបង្កឲ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ខណ្ឌព្រែកព្នៅបានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការវាសវែង និងសម្រួលចរាចរណ៍ហើយប្រគល់រថយន្តទាំង២គ្រឿងដែលរងការខូចខាតឲ្យទៅកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ព្រែកជ័យ


ចែករំលែក៖