ព័ត៌មានទាន់ហេតុការណ៍៖

បើកលឿនដូចហោះបុកគោងាប់១ក្បាលនិងមនុស្សរបួសធ្ងន់ ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ និងស្រាលហើយសត្វគោ១ក្បាលបានងាប់ ខណៈម្ចាស់រថយន្តកូរ៉េពីរតោនកន្លះមួយគ្រឿងបោះពួយយ៉ាងលឿនដូចហោះទៅបុកសត្វគោពេញទំហឹង ហើយរថយន្តរេចង្កូតទៅឡើងសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់ផ្ញារកង់ទៅផ្លូវម្ខាងទៀត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា សត្វគោ៣ទៅ៤ក្បាលដើរកណ្តាលផ្លូវ ពេលនោះឡាន១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពីរតោនកន្លះរបស់ក្រុមហ៊ុនបញ្ញើឆាប់រហ័ស ពាក់ស្លាកលេខ ភ្នំពេញ 3B-3802 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ទៀត ទើបតែដឹកឥវ៉ាន់បញ្ញើចេញមកពីខេត្ត បំណងយកទៅឃ្លាំងនៅម្តុំសំរោងអណ្តែត ដោយធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ជ្រុលទៅបុកសត្វគោញីមួយក្បាលដែលឈរនៅកណ្តាលផ្លូវប៉ើងជិត១០ម៉ែត្របណ្តាលឲ្យងាប់ ហើយរថយន្តក៏រេចង្កូតទៅខាងឆ្វេង ឡើងសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់ផ្ងារកង់នៅលើផ្លូវម្ខាងទៀត ចំណែកឯបុរសម្នាក់ ដែលជាអ្នកបើកបររថយន្តរងរបួសចង្កេះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន និងម្នាក់ទៀតរងរបួសស្រាល។

ក្រោយពេលកើតហេតុ សត្វគោ និងរថយន្តត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ តុង សីហា


ចែករំលែក៖