ព័ត៌មានទាន់ហេតុការណ៍៖

បើកលឿនបុកម៉ូតូគេពីក្រោយរបួសធ្ងន់ម្នាក់ ស្រាល២នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹងកណ្តាលផ្លូវ និង ២នាក់ផ្សេងទៀតបានរងរបួសស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្ករឡើងដោយសារម៉ូតូនិង ម៉ូតូបុកគ្នាពីក្រោយពេញមួយទំហឹង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីល្ងាច ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចក្បែរូបសំណាកឆ្នាំង ស្ថិតនៅ ភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថិកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ១. ជួន សុផាណា ភេទប្រុស អាយុ២៦ឆ្នាំ ២.ឈ្មោះដា ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសធ្ងន់សន្លប់ ៣.ឈ្មោះ កិល ណុប ភេទប្រុស អាយុ២៧ឆ្នាំ ជនរងគ្រោះទាំង៣ រស់នៅភូមិអូតានេស ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បានជិះម៉ូតូ១គ្រឿងម៉ាក ស៊ុយហ្ស៊ុយគី ស្មាស់ អត់ស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បើកក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុ ក៍ស្រាប់តែមានម៉ូតូហុងដាសេ១២៥គ្រឿងជិះ២ប្តីប្រពន្ធ ធ្វើដំណើរក្នុងទិសគ្នា ហើយបានវ៉ាក់និងរថយន្តមួយគ្រឿងនៅពីមុខ ហើយបន្ថយល្បឿន ក៍ត្រូវម៉ូតូ របស់ជនរងគ្រោះទាំងបីនាក់បានបុកពីក្រោយពេញមួយទំហឹង បណ្តាលឲ្យបាក់កម៉ូតូ ប៉ើងមនុស្សចេញពីម៉ូតូរងរបួសធ្ងន់និងស្រាលតែម្តង ។

ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូសេ១២៥ បានបើកគេចខ្លួនបាត់ ចំណែកឯជនរងគ្រោះបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ចំពោះមធ្យោបាយបង្ករត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖