ព័ត៌មានទាន់ហេតុការណ៍៖

បើអង្គការ WTO មិននៅខាងអាមេរិក លោកត្រាំនឹងដកអាមេរិកចេញពីអង្គការពាណិជ្ជកម្មពិភពលោកមួយនេះ

ចែករំលែក៖

ពិតជារឿងមួយ គួរឲ្យអាម៉ាសសម្រាប់ អាមេរិក ក្រោយពេលប្រធានាធិបតីដូណាល់ ត្រាំបានប្រកាសថា លោកនឹងដកអាមេរិក ចេញពីអង្គការពាណិជ្ជកម្មពិភពលោក WTO ប្រសិនបើ អង្គការនេះ មិនគាំទ្រអាមេរិកនោះ ។ លោកត្រាំ ក៏បានថ្កោលទោស ទៅលើអង្គការពាណិជ្ជកម្មកំពូលមួយនេះ ។

ក្រុមអ្នកឯកទេស បានលើកឡើងថា ប្រសិនបើអារិកដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោកនោះ ប្រទេសនេះនឹងក្លាយជា «មហាអំណាចឯកា»លើឆាក់អន្តរជាតិ ។ កន្លងមក អាមេរិក ក៏បានដកខ្លួនចេញពីអង្គការកំពូលៗរបស់ពិភពលោក និងកិច្ចព្រមព្រៀង ជាច្រើន ក្នុងរយៈពេលជិតពីរ ឆ្នាំនៃការកាន់អំណាចដឹកនាំអាមេរិករបស់លោក ត្រាំ ។ កន្លងមក លោកត្រាំបានដកអាមេរិកចេញពីអង្គការសិទ្ធិមនុស្ស អន្តរជាតិ ដោយសារតែមិនគាំទ្រអាមេរិក នៅក្នុងបញ្ហាអីស្រាអែល និងជេរ៉ូសាឡេម ។ ដកខ្លួនចេញពីអង្គការ UNESCO ។ ដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែល មានប្រទេសជិត២០០ បានចុះកិច្ចព្រមព្រៀង ។ ដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូអីរ៉ង ដែលមានប្រទេសចុះហត្ថលេខាដល់ទៅ៧ប្រទេសផងដែរ ។

សារព័ត៌មាន Bloomberg បានដកស្រង់សម្តីលោកត្រាំ បញ្ជាក់ថា «ប្រសិនបើអង្គការពាណិជ្ជកម្មពិភពលោកមិនកែប្រែ ខ្ញុំនឹងដកអាមេរិកចេញពី WTO »។ ការដែលអាមេរិកដកខ្លួនចេញពីអង្គការ WTO នឹងជះឥទ្ធិពលអាក្រក់បំផុតដល់សេដ្ឋកិច្ចពិភពលោក ជាងសង្គ្រាមពាណិជ្ជកម្មរវាងចិន នឹងអាមេរិកទៅទៀត ដោយបានបំផ្លាញប្រព័ន្ធពាណិជ្ជកម្ម ដែលអាមេរិកខិតខំចំណាយកម្លំាងក្នុងការបង្កើតឡើង បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។

កាលពីខែកក្កដា កន្លងមក ប្រធានាធិបតីដូណាល់ ត្រាំបានប្រកាសថា អាមេរិកជួបនូវបញ្ហាជាច្រើននៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ដោយអង្គការនេះ មិនផ្តល់តម្លាភាព គាំទ្រដល់អាមេរិកជាច្រើនឆ្នាំកន្លងមក ។ លោកត្រាំបញ្ជាក់ថា អង្គការមួយនេះគួរតែផ្លាស់ប្តូរ វិធីសាស្ត្រ របស់ខ្លួន។

នៅពេលនេះ តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានបញ្ជាក់ថា ការអនុញ្ញាតឲ្យចិនចូលជាសមាជិកអង្គការ WTO គឺជាកំហុសឆ្គង ដោយសារតែអង្គការមួយនេះ មិនមានសមត្ថភាពទប់ទល់នឹងចិន ដែលមិនកសាងសេដ្ឋកិច្ចទីផ្សារ ។ លោកធ្លាប់បានអំពាវនាវអាមេរិក ចាត់វិធានការ តឹងតែងជាមួយអង្គការ WTO ។ លោកបន្តទៀតថា ប្រព័ន្ធដោះស្រាយវិវាទ របស់ WTO បានបំពានអធិបតេយ្យ របស់អាមេរិក ពិសេសគឺបញ្ហា លក់បំផ្លាញតម្លៃ ។ អាមេរិក បានរារាំង ការតែងតាំង ចៅក្រមចូលទៅក្នុង WTO បង្កក្តីបារម្ភ ពីការផ្អាក់ដំណើរការនៃអង្គការនេះនៅពេលខាងមុខ ។

ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមកទល់ពេលនេះ ប្រធានាធិបតីអាមេរិកជាច្រើនជំនន់ បាននាំមុខនៅក្នុងការបង្កើត និងពង្រឹងច្បាប់ពាណិជ្ជកម្មនៅលើពិភពលោក ដោយយល់ថា ជាការនាំមកនៅស្ថេរភាពសេដ្ឋកិច្ចដល់ពិភពលោក ។

សារព័ត៌មាន Bloomberg បានផ្សាយថា ការដែលអង្គការ WTO ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដោយមានការខិតខំរបស់ប្រទេសជាច្រើន ដែលដឹកនាំដោយអាមេរិក ក្នុងគោលដៅបង្កើតវេទិកា ដើម្បីដោះស្រាយ វិវាទពាណិជ្ជកម្ម ។ កន្លងមក មន្ត្រីអាមេរិក មិនពេញចិត្តទៅលើសកម្មភាព របស់ចៅក្រម WTO តែងតែចេញសេចក្តីសម្រេច អវិជ្ជមានដល់អាមេរិក មិនគាំទ្រអាមេរិក ពិសេសគឺនៅក្នុងការលក់បំផ្លាញតម្លៃ ។

សារព័ត៌មាន Bloomberg បានដកស្រង់ របាយការណ៍ពីមជ្ឈមណ្ឌុលស្រាវជ្រាវ Cato មានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន បង្ហាញឲ្យឃើញថា បណ្តាប្រទេសដែលបានដាក់ពាក្យតវ៉ាឡើងទៅកាន់ WTO តែងតែទទួលបានជ័យជំនៈ ចំណែកអ្នកជាប់ចោទត្រូវចាញ់ជានិច្ច ។ កន្លងមក អាមេរិក បានចាញ់នៅក្នុងការប្តឹងផ្តាល់នៅ WTO មានរហូតដល់ជាង៩០ភាគរយ ។

សហគមន៍អឺរ៉ុប កំពុងដឹកនាំនៅក្នុងការកែប្រែដើម្បីកាត់បន្ថយវិវាទរវាងអាមេរិក និង WTO ។ កាលពីសប្តាហ៍កន្លងមក មន្ត្រីអឺរ៉ុប និងជប៉ុនបានទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីពិភាក្សា លើបញ្ហាទាំងនោះ ៕

 


ចែករំលែក៖