ព័ត៌មានទាន់ហេតុការណ៍៖

បោកសាច់ញាតិមិនអស់ចិត្តបោកប្រពន្ធខ្លួនឯងយកទៅរៀបការជាមួយបរទេសជាថ្នូរលុយ ជិត២ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តសៀមរាបៈ កាលពីរសៀលថ្ងៃថ្ងៃសុក្រ ៧ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៨ ជនរងគ្រោះបួននាក់ដែលជាក្រុមសាច់ញាតិ បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅតុលាការ សុំទាមទារសំណងលុយសរុបជិត១០ម៉ឺនដុល្លារ ពីជនសង្ស័យម្នាក់ដែលបានឆបោកពួកគាត់មុនពេលសមត្ថកិច្ចចាប់ខ្លួន ។ មិនតែប៉ុណ្ណោះជនសង្ស័យថែមទាំងបានបោកប្រពន្ធរបស់ខ្លួនដោយយកនាងទៅឲ្យរៀបការជាមួយប្រុសផ្សេង នៅឯក្រុងភ្នំពេញជាថ្នូរនឹងទឹកប្រាក់ជិត២ម៉ឺនដុល្លារ ក្រោមរូបភាពរៀបការ ដើម្បីទៅនៅប្រទេសក្រៅទៀតផង ។

មន្រ្តីតុលាការខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ មាស រិទ្ធី ហៅ សែម សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើតស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ កំពុងជាប់ពន្ធនាគារខេត្តសៀមរាប បន្ទាប់ពីសមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួន កាលពីថ្ងៃទី៩ខែធ្នូឆ្នាំ២០១៨ តាមបណ្តឹងប្រពន្ធរបស់ខ្លួន (សុំមិនបញ្ចេញឈ្មោះ)។រីឯជនរងគ្រោះចំនួន៤នាក់ ដែលបានមកដាក់ពាក្យបណ្តឹងនៅតុលាការនោះ ទី១ឈ្មោះ ប៉េះ ណូ ភេទប្រុស, ទី២ ឈ្មោះ កាន់ ផម ភេទប្រុស, ទី៣ឈ្មោះ ផម ច្រិច ភេទស្រី និងទី៤ឈ្មោះជា សុខា ភេទស្រី។ ពួកគាត់មានទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប។

ក្នុងបណ្តឹងរបស់ជនរងគ្រោះទាំង៤ចុះថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៨ សុទ្ធតែមានខ្លឹមសារដូចៗគ្នា ដោយប្តឹងឈ្មោះ មាស រិទ្ធី ហៅ សែម សំណាង ភេទប្រុសអាយុប្រហែល៣៣ឆ្នាំ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងពន្ធនាគារខេត្តសៀមរាប ពីបទឆបោកប្រព្រឹត្តនៅក្រុងសៀមរាប កាលពីអំឡុងឆ្នាំ២០១៤ ហើយពួកគាត់ទាមទារសំណងសរុប៨ម៉ឺនដុល្លារ ដែលក្នុងនោះពីរនាក់២ម៉ឺនដុល្លារនិងពីរនាក់ទៀត៦ម៉ឺនដុល្លារ និងសុំឲ្យតុលាការផ្តន្ទាទោសជនឆបោកទៅតាមច្បាប់ ដោយសារ ចាញ់បោកជននេះតាមរយៈនាំទិញដីនិងបានតម្រូវឲ្យយកលុយទៅកក់ ម្តងពីរទៅបីពាន់ដុល្លារ រហូតអស់៨ម៉ឺនដុល្លារ។ លុះពេលទៅមើលដីជននោះកុហកថាជាប់រវល់រហូត។។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមជនរងគ្រោះបញ្ជាក់ប្រាប់ថា ក្រោយពេលបោកពួកគាត់រួចហើយ ជនខាងលើបានបោកប្រពន្ធរបស់ខ្លួនទៀត គឺបោកនាងយកទៅឲ្យរៀបការជាមួយប្រុសផ្សេង នៅឯក្រុងភ្នំពេញជាថ្នូរនឹងទឹកប្រាក់ជិត២ម៉ឺនដុល្លារ ក្រោមរូបភាពរៀបការដើម្បីទៅនៅប្រទេសក្រៅ។ តាមពិតជននេះ បានរៀបការជាមួយនាង ថែមទាំងមានចំណងដៃកូនតូចម្នាក់ទៀតរួចទៅហើយ។

ក្រោយដឹងថា ប្តីរបស់ខ្លួនបានបោកប្រាស់ ដោយនាំយកទៅលក់ និងដោយអត់ទ្រាំនឹងទង្វើបែបនេះមិនបាន ទើបប្រពន្ធសម្រេចប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃ១៤ខែធ្នូឆ្នាំ២០១៨តែម្តង៕សហការី


ចែករំលែក៖