ព័ត៌មានទាន់ហេតុការណ៍៖

ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០១៨និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ប៊ែលធី គ្រុប បានរៀបចំ សន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ ដែលមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមចំនួន ២.២៤៣នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាព​ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធី គ្រុប និងលោកស្រី ។

លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប បានមានប្រសាសន៍ថា ប៊ែលធី គ្រុប មាន​គណៈ​​គ្រប់គ្រង បុគ្គលិក ​សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូបម្រើការ ២.២៤៣នាក់មានសិស្ស-និស្សិតកំពុងសិក្សា ៤២.៤៩៣នាក់ និងមាន ២៤ទីតាំង ក្នុងនោះ ២២ទីតាំងជាសាលា (១៩ទីតាំងកំពុងដំណើរការ ៣ទីតាំងកំពុងសាងសង់) និង២ទីតាំងជាសាកលវិទ្យាល័យ ។ លោកបានបន្ថែមថា ប៊ែលធី គ្រុប មានបម្រើសេវាកម្ម ០៣ធំៗដូចជា៖ I. ប៊ែលធីសំណង់ II. ប៊ែលធីទេសចរណ៍ និងIII. ប៊ែលធីអប់រំ ហើយក្នុងឆ្នាំ២០១៨នេះ ប៊ែលធី សម្រេចបាននូវសមិទ្ធផលដូចជា៖

I. ប៊ែលធីសំណង់ បានសាងសង់អគារប៊ែលធីទី១៩ និងកំពុងសាងសង់អគារប៊ែលធីទី២០ ទី២១ និងទី២២ ។

II. ប៊ែលធីទេសចរណ៍ បានទទួលភ្ញៀវទេសចរណ៍ ៧.៧៨៩នាក់ ក្នុងនោះ ក្នុងប្រទេស ៧.១២៦នាក់ និងក្រៅប្រទេស ៦៦៣នាក់ ព្រមទាំងមានរថយន្តទំនើបៗ ០៨គ្រឿងសម្រាប់ដឹកភ្ញៀវផងដែរ ។

III.សាលា ប៊ែលធី អន្តរជាតិ សិស្សបញ្ចប់ការសិក្សា ២២.០៥៥នាក់ ក្នុងនោះបានចែកចេញជា៖

– សិស្សចំណេះទូទៅ (ថ្នាក់ទី១២) ចំនួន ៩.៧៥១នាក់​ ជាប់៨.៣១២នាក់ ​ស្មើ ៨៥,២៤% និង និទ្ទេស​​A ចំនួន ៩៤នាក់

– សិស្សភាសាអង់គ្លេសកម្រិតទី១២ (Level 12)​ ចំនួន៦.១៥១នាក់​

– សិស្សវគ្គខ្លីកុំព្យូទ័រ ​ ចំនួន៨.៤២៧នាក់ ​

– សិស្សប្រឡងតេស្តអន្តរជាតិ ​ ចំនួន ៧២៧នាក់ ​

សិស្សប៊ែលធីថ្នាក់ទី១២ ដែលរក្សាបាន ជើងឯកលេខ១ និងលេខ២ ទូទាំងប្រទេសជាប់ៗគ្នារយៈពេល ០៤ឆ្នាំចុង​ក្រោយ​នេះ៖​

១-ឆ្នាំ២០១៨នេះ​សិស្ស ប៉េង គឹមហេង​ប្រឡងជាប់ និទ្ទេស A លេខ២​ទូទាំងប្រទេស លំដាប់ពិន្ទុ ៩៩.៩៩៩

២-ឆ្នាំ២០១៧ ​សិស្ស ស គីមស៊ា ​ប្រឡងជាប់ និទ្ទេស A លេខ១ ​ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០.០០០

៣-ឆ្នាំ២០១៦ ​សិស្ស កាំង ស៊ីញលី ​ប្រឡងជាប់ និទ្ទេស A លេខ១ ​ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០.០០០

៤-ឆ្នាំ២០១៥ ​សិស្ស សេង ហ្គេចលី ​ប្រឡងជាប់ និទ្ទេស A លេខ២​ទូទាំងប្រទេស លំដាប់ពិន្ទុ ៩៩.៩៩៩ សិស្សពូកែថ្នាក់ទី៩ និងទី១២ មាន ៦៦នាក់ ក្នុងនោះ ទូទាំងប្រទេស ២២នាក់ និងទូទាំងរាជធានី ៤៤នាក ។

IV.សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និស្សិតបញ្ចប់ការសិក្សា ១.៦៩៣នាក់ ក្នុងនោះថ្នាក់គរុកោសល្យ ៣៧១នាក់ ថ្នាក់បរិញ្ញាបត្រ ១.១៤៧នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៧៥​នាក់ ។

V.ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូនសិស្ស-និស្សិតទៅក្រៅប្រទេស ចំនួន ៨៥២នាក់ក្នុងនោះ សិស្ស-និស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ១០៤នាក់ សិស្ស-និស្សិតបង់ថ្លៃ៤១នាក់ និងសិស្ស-និស្សិត ធ្វើទស្សនកិច្ចសិក្សា ៧០៧នាក់ ។

ទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩

ឆ្នាំ២០១៩នេះ ប៊ែលធីគ្រុប បានសម្រេចដាក់ចេញនូវផែនការយុទ្ធសាស្ត្រ រួមមាន៖

១-ពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់តាមរយៈពិពណ៌នាការងារ បទបញ្ជាផ្ទៃក្នុង និងបង្កើនសមត្ថភាពជំនាញ

២-ពង្រឹងវិន័យសិស្ស-និស្សិតគ្រប់ថ្នាក់ និងបង្កើនទំនាក់ទំនងជាមួយ មាតាបិតា អាណាព្យាបាលសិស្ស-និស្សិត

៣-ពង្រីកសាខាសាលា និងសាកលវិទ្យាល័យ ប៊ែលធី ឱ្យបានច្រើនតាមតម្រូវការជាក់ស្តែង

៤-ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងបុគ្គលិកផ្នែកនីមួយៗ តាមរយៈ វគ្គបណ្តុះបណ្តាលខ្លី (On The Job Training)

៥-ពង្រឹងកម្មវិធីសិក្សាផ្នែកចំណេះទូទៅចាប់ពីថ្នាក់ត្រៀម បឋមសិក្សា ដល់ថ្នាក់មធ្យមសិក្សាឱ្យមានគុណភាពខ្ពស់ ដោយសិស្សថ្នាក់ទី១២ ត្រូវប្រឡងជាប់បាក់ឌុបពី ៨៥-៩០% និងទទួលបាននិទ្ទេស A ៥% នៃចំនួនសិស្សប៊ែលធីចូលរួមប្រឡងបាក់ឌុប

៦-ពង្រឹងកម្មវិធីសិក្សាបន្ថែមធំៗ ទាំង ៨ ឱ្យបានខ្ជាប់ខ្ជូន ស្របតាមពាក្យស្លោក “ការសិក្សាត្រូវផ្សារភ្ជាប់ ទ្រឹស្តីនឹងការអនុវត្តជាក់ស្តែង”

៧-បង្កើនកម្មវិធី STEM តាមរយៈ បន្ថែមសម្ភារៈបន្ទប់ពិសោធន៍ កម្មវិធី Technology បន្ទប់សម្ភារៈវិស្វកម្ម និង IMA Program

៨-បន្តបើកថ្នាក់ “គណនាលេខរហ័ស (IMA Program)” ឱ្យបានគ្រប់សាខា ចាប់ពីថ្នាក់បឋមសិក្សាឡើងទៅ

៩-សិស្សបញ្ចប់ Level 12 ត្រូវរៀនត្រៀម ៤០ម៉ោង ដើម្បីប្រឡងតេស្តអន្តរជាតិឱ្យបានពិន្ទុ IELTS 5.5 ឡើងទៅ និងលើកទឹកចិត្ត សិស្សដែលទទួលបានពិន្ទុIELTS ចាប់ពី 6.5 ដល់ 7.0 ទទួលបានអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ រីឯសិស្សដែលទទួលបានពិន្ទុចាប់ពី 7.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង ១០០% ទៅសិក្សានៅក្រៅប្រទេស

១០-សាកលវិទ្យាល័យ បន្តពង្រឹងកម្មវិធីសិក្សាអន្តរជាតិឱ្យបានកាន់តែល្អប្រសើរ និងកម្មវិធីសិក្សាជាភាសាជាតិ បានបន្ថែមថ្នាក់បំប៉នភាសាអង់គ្លេស ៤០ក្រេឌីត និងកុំព្យូទ័រ ១ឆ្នាំ ដោយឥតគិតថ្លៃ និងផ្តល់ឱកាសការងារជូននិស្សិតពូកែ បម្រើការនៅប៊ែលធី

១១-ប៊ែលធី ទំនាក់ទំនងអន្តរជាតិ នឹងខិតខំពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្រឹះស្ថានអប់រំល្បីៗទូទាំងពិភពលោក ដើម្បីផ្តល់ភាពងាយស្រួល និងទំនុកចិត្តជូនដល់សិស្ស-និស្សិត មាតាបិតា និងអាណាព្យាបាល

១២-ពង្រីកគោលដៅទេសចរណ៍ក្រៅប្រទេសសំខាន់ៗបន្ថែមទៀត តាមតម្រូវការរបស់អតិថិជន

ក្នុងឱកាសនោះដែរ លោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់នៃប៊ែលធីគ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍​ និងសេចក្តីសម្រេចនានារបស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យនិងសេចក្តីថ្លៃថ្នូរគួរជាទីមោទនក្រៃលែង ។

ជាទីបញ្ចប់ លោកបណ្ឌិតប្រធានគណៈអធិបតី និងលោកស្រី បានប្រគល់លិខិតតែងតាំងជូនដល់ថ្នាក់ដឹកនាំនៃប៊ែលធីគ្រុប និងប្រគល់ពានរង្វាន់សាខាឆ្នើមពានរង្វាន់ការងារ ប័ណ្ណអាហារូបករណ៍ ១០០% និងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកបម្រើការងារ ១០ឆ្នាំ ចំនួន ៨៧នាក់ នាពេលនោះផងដែរ ៕ ស រស្មី


ចែករំលែក៖