ព័ត៌មានទាន់ហេតុការណ៍៖

ប្តីប្រពន្ធដណ្តើមគ្នាទៅស្រុករៀងៗខ្លួន ក្លាយ ជាហិង្សាទាំងកណ្តាលផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូ ខណៈដែលបុណ្យចូលឆ្នាំខ្មែរខិតជិតមកដល់ការងារតាមបណ្តាក្រុមហ៊ុន រោងចក្រក៏ដូចជា សំណង់ក៏ត្រូវបានឈប់សម្រាកដើម្បីអបអរថ្ងៃបុណ្យប្រពៃណីជាតិ តែគ្រួសារមួយគូនេះធ្វើឲ្យផ្អើលអ្នកផងបន្ទាប់ពីប្រកាន់ចិត្ត រៀងៗខ្លួនដោយប្តីយល់ឃើញផ្សេងប្រពន្ធយល់ឃើញផ្សេងខាងប្តីថា ចូលឆ្នាំថ្មីទៅ លេងស្រុកបង ចំណែកប្រពន្ធវិញចូលឆ្នាំថ្មី គួរទៅលេងស្រុកអូន។ ជិះម៉ូតូបណ្តើរសា សងគ្នាបណ្តើរដោយមិនចុះសម្រុងគ្នា គ្រាដែលដណ្តើមទៅស្រុករៀងៗខ្លួនកើតជា ទំនាស់ប្រទាញប្រទង់គ្នាប្តីទ្រាំមិនបានក៏ឈប់ម៉ូតូវ៉ៃប្រាវបែកក្បាលហូរឈាមបង្ក ឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង ៣០នាទីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវសហព័ន្ធ រុស្សុី មុខព្រលានយន្តហោះ ក្នុងភូមិក្បាល ដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

គូស្នេហ៍ប្រែក្លាយជាគូសត្រូវដោយ សារជម្លោះដណ្តើមដីដណ្តើមទីគ្នាទៅបុណ្យ ចូលឆ្នាំថ្មីខាងលើនេះភាគីខាងប្រពន្ធឈ្មោះ អុល ស្រីអន អាយុ២៩ឆ្នាំ មុខរបរកម្មការិនី រោងចក្រ មានស្រុកកំណើតនៅភូមិកំពង់ គោ ឃុំកំពង់គោ ស្រុកស្ទឹងសែន ខេត្តកំពង់ ធំ។ ចំណែកប្ដីឈ្មោះ ហែម ចាន់ធូ ហៅ ចាន់រិទ្ធ អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ជាងបៀកថ្នាំ មានស្រុកកំណើតភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គ្រួសារខាងលើស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃ ទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីស្រ្តីជាប្រពន្ធបានឲ្យដឹងថា ក្រោយពីលែងលះជាមួយប្តីទី១អស់រយៈពេល៥ឆ្នាំកន្លងមកហើយបន្សល់ទុកកូនស្រី២នាក់ ម្នាក់អាយុ៨ឆ្នាំ ម្នាក់ទៀតអាយុ ៥ឆ្នាំ រស់នៅជាមួយជីដូនឯស្រុកកំណើតហើយនោះនាងក៏មានស្នេហាជាមួយបុរសខាងលើស្រឡាញ់គ្នាគ្រាជួបដំបូងស៊ូប្តូរផ្តាច់ យកគ្នាជាប្តីប្រពន្ធដោយមិនបានរៀបការនោះទេគឺរស់នៅជុំគ្នាអស់រយៈពេល៥ឆ្នាំ មកហើយដែរតែគ្មានកូនមួយគ្រាប់ជា ចំណងស្នេហ៍ឡើយ ។

ស្រ្តីរូបនេះបានរៀបរាប់ប្រាប់អ្នកយក ព័ត៌មានថា រស់នៅជាប្តីប្រពន្ធធ្មេចបើកៗ ៥ឆ្នាំចង់បានកូនតែមិនបានសោះស្នាក់នៅក្រោមដំបូលផ្ទះជួលរហូតមកដល់ព្រឹកថ្ងៃកើតហេតុតាមបណ្តារោងចក្រមួយចំនួនត្រូវបានឈប់សម្រាកក្នុងឱកាសថ្ងៃបុណ្យ ចូលឆ្នាំខ្មែរខាងរោងចក្រមានកម្មវិធីជប់ លៀងរាំធុងបាស់ពេញមួយព្រឹកទម្រាំផឹក សុីចប់អស់ពេញ១ព្រឹក។ ពេលនោះនាងមានគោលគំនិតគិតទៅលេងស្រុកឯខេត្តកំពង់ធំ រីឯប្តីរង់ចាំនាងយូរគិតថាទៅលេង ស្រុកខាងខេត្តតាកែវសប្បាយជាង ។

ស្ត្រីរូបនេះបន្តទៀតថា លុះរហូតដល់ វេលាម៉ោងខាងលើពួកគាត់ទាំង២នាក់រៀប ចំខ្លួនមានដឹកទាំងមេមាន់ សម្ភារមួយចំនួន អីវ៉ាន់សំពីងសំពោងដឹកតាមម៉ូតូបំណងទៅលេងស្រុកឯខាងនាងដោយឌុបគ្នាធ្វើ ដំណើរបណ្តើរជជែកសាសងបណ្តើររឿងទៅចូលឆ្នាំថ្មីប្រកាន់ដីរៀងៗខ្លួន។ ម្យ៉ាងខាងប្តីមួម៉ៅរឿងចាំនាងចេញពីជប់លៀងក្នុងរោងចក្រយូរផងរអ៊ូបណ្តើរអន់ចិត្តអត់បានទៅស្រុកកំណើតខាងខ្លួនបណ្តើរដោយ ការជជែកនិយាយមិនចុះសម្រុងគ្នា។ លុះ ដល់មុខព្រលានយន្តហោះនាងកំពុងមានជាតិស្រវឹងក្នុងខ្លួនបន្តិចផងក៏ចាប់ប្រទាញប្រទង់លើម៉ូតូបម្រុងកាច់ផ្តួលឲ្យស្លាប់ទាំងអស់គ្នារហូតប្តីទ្រាំលែងបានក៏ឈប់ម៉ូតូចុះវ៉ៃប្រាវបែកក្បាលហូរឈាមធ្វើឲ្យនាងខឹងទើបប្រតាយប្រតប់គ្នាផ្អើលអ្នកដំណើរតាម ផ្លូវផ្អើលទាំងនគរបាលចុះទៅធ្វើអន្តរាគមន៍ ចាប់ឃាត់ចៀសវាងប្រើអំពើហិង្សា។

អំណាចនៃកំហឹងទប់ចិត្តមិនបានរបស់ប្តីប្រពន្ធមួយគូខាងលើប្រកាន់រៀងៗខ្លួនត្រូវបាននគរបាលហៅនាំទាំង២នាក់ទៅ សម្របសម្រួលគ្នានៅប៉ុស្តិ៍នគរបាលកាកាប នៅតែចិត្តប្រកាន់រៀងៗខ្លួនដដែលទោះជាសមត្ថកិច្ចខិតខំផ្សះផ្សាឲ្យយកធម៌ខន្តីដាក់ខ្លួនយ៉ាងណាក៏ដោយខាងប្រពន្ធប្រកាន់ជំហ មួយ«អូនត្រូវតែលែងបងហើយ» ប្តីចិត្ត សឿង «តាមចិត្តអូនចុះ» ។

ក្រោយពីផ្ទុះហិង្សាដោយសារការមិនយោគយល់គ្នារវាងប្តីនឹងប្រពន្ធឈានទៅ រកលែងលះគ្នា ម្ខាងសុខចិត្តធ្វើជាបុរស ពោះម៉ាយ ម្ខាងទៀតសុខចិត្តធ្វើជាស្រ្តី មេម៉ាយកូន២ដដែល។ ម្ខាងៗសម្រេចចិត្ត រៀងៗខ្លួននៅប៉ុស្តិ៍នគរបាលសុំធ្វើកិច្ចសន្យា ផ្តាច់សង្វាស់ស្នេហ៍ចែកផ្លូវគ្នាវិលទៅផ្ទះចូល រួមបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅស្រុក កំណើតរៀងៗខ្លួនដោយប្រពន្ធបានកូន កង់និងមេមាន់។ ចំណែកប្តីបានម៉ូតូវីវ៉ា កញ្ចាស់ជិះទៅស្រុកកំណើតវិញដើម្បីបញ្ចប់ រឿង ៕ ហេង នរិន្ទ្រ


ចែករំលែក៖