ព័ត៌មានទាន់ហេតុការណ៍៖

ប្តីប្រពន្ធមួយគូជិះម៉ូតូមកពីផ្ទះក្មួយត្រូវចោរឆក់លុយអស់១២.០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពឆក់ថង់លុយពី ប្តី​ប្រពន្ធ​២​នាក់​បានសម្រេចសរុប១២០០០ដុល្លារហើតគេចខ្លួនបាត់ដោយសុវត្ថិភាពបង្កការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចិញ្ចើម​ផ្លូវ​សហព័ន្ធ​ រុ​ស្ស៊ី ទល់មុខ​ខ្លោងទ្វារ វត្ត​ពោធិ៍​ចិន​តុង ស្ថិត​ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​ឈ្មោះ ផា​ន់ នឿ​ន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មុខរបរ​លក់​ងាវ រស់នៅ​ម្តុំ​ត្រឡោក​បែក មានស្រុក​កំណើត​នៅ​ភូមិ ស្វាយ​ដូន​អី ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គាត់​និង​ប្តី បាន​ទៅ​លេង​ផ្ទះ​ក្មួយ​ប្រុស​របស់​គាត់​នៅ​ម្តុំ​អូ​ដឹ​ម បន្ទាប់​មក​ក្មួយ​របស់​គាត់​បាន​សង​លុយ​ចំនួន​១​ម៉ឺន​២​ពាន់​ដុល្លារ​អោយ​គាត់​វិញ ហើយ​ពួក​គាត់​ក៏​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ថា លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ចូល​លេង​ប្អូនថ្លៃ​របស់​គាត់​ដែល​លក់​គោដុត​នៅ​តាម​ចិញ្ចើម​ផ្លូវ ពេល​នោះ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ ១HH-៨៨២៩ បាន​ចូល​មក​ដល់​កន្លែង​កើតហេតុ​ដែរ ដោយ​ធ្វើ​ជា​ទិញ​សាច់​គោដុត​ចំនួន​២​ម៉ឺន​រៀល ពេល​នោះ​ក្មួយ​(​កូន​ប្អូនថ្លៃ​)​របស់​គាត់​បាន​ច្រក​សាច់​គោដុត​ឱ្យ​រួច​ហើយ តែ​ជនសង្ស័យ​មិន​ទាន់​ទៅ​ទៀត ហើយ​គាត់​ក៏​បាន​សួរ​ថា «​ចាំ​នរណា​គេ?​» ជនសង្ស័យ​ឆ្លើយ​ថា «​ចាំ​មិត្តភក្តិ​មក​ពី​ទិញ​ស្រា​» ស្រាប់តែ​ជនសង្ស័យ​ខាងលើ​បាន​ចូល​ទៅ​ឆក់​លុយ​របស់​គាត់​ដែល​ដាក់​ក្នុង​ហោប៉ៅ​ខ្ចប់​ក្នុង​ថង់​ប្លា​ស្ទិ​ក ​ពណ៌​ខ្មៅ​យក​ទៅ​បាត់តែម្តង​ ។

ក្រោយ​ពេល​កើតហេតុ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២១បាន​មក​ដល់ កន្លែង​កើត​ភ្លាម​ៗ​ផង​ដែរ ហើយ​បានអោយ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង ដើម្បី​អោយ​សមត្ថកិច្ច ជួយ​ស៊ើបអង្កេត​រកមុខ​សញ្ញា​ខាងលើ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕សុខាសែនជ័យ


ចែករំលែក៖