ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសសាលក្រមសំណុំរឿង ជួប សម្លាប់ សម្លាប់ លោក កែម ឡី នៅថ្ងៃទី២៣ ខែមីនា

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីបើកសវនាការកាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ សាលា ដំបូងរាជធានីភ្នំពេញបានសម្រេចលើកពេល ប្រកាសសាលក្រមសំណុំរឿង អឿត អាង ហៅជួប សម្លាប់ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៧ខាងមុខនេះ។ នេះបើតាមការ បញ្ជាក់របស់លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។

លោក លី សុផាណា បានបញ្ជាក់យ៉ាង ដូច្នេះថា ក្រោយពីបញ្ចប់សវនាការរឿងក្តីឃាតកម្មលើលោក កែម ឡី កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ សាលាដំបូងនឹងប្រកាស សាលក្រមនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៧នាពេលព្រឹក។

សវនាការនៅព្រឹកនោះដឹកនាំដោយ លោក លាង សំណាត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក លី សុផា ណា ជាតំណាងអយ្យការ។ ជនជាប់ចោទមានមេធាវីការពារក្ដីតាមផ្លូវច្បាប់គឺលោកយុង ផានិត ប្រធាននាយកដ្ឋានការពារក្ដី ជូនជនក្រីក្រនៃគណៈមេធាវី ។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនាពេលកន្លងទៅបានសម្រេច ចោទប្រកាន់ «ជួប សម្លាប់» ចំនួន២ករណី ក្នុងនោះរួមមានបទឃាតកម្មគិតទុកជាមុន និង បទកាន់កាប់អាវុធគ្មានការអនុញ្ញាត។

នៅក្នុងសវនាការនេះ «ជួប សម្លាប់» បានសារភាពថា ខ្លួនជាអ្នកបាញ់សម្លាប់ លោក បណ្ឌិត កែម ឡី ដោយសារខឹងលោក កែម ឡី ជំពាក់ប្រាក់មិនសង។ ជួប សម្លាប់ អះអាងថា គ្មានអ្នកនៅពីក្រោយខ្នងនៃឃាត កម្មនេះនោះទេ។

នៅក្នុងអង្គសវនាការនាព្រឹកថ្ងៃទី១ ខែ មីនា ឆ្នាំ២០១៧ ជួប សម្លាប់ ជនជាប់ចោទ ក្នុងការបាញ់ប្រហារលោក កែម ឡី អះ អាងថា ខ្លួនបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ពិតមែន ព្រោះខឹងមិនព្រមសង លុយ៣.០០០ដុល្លារ ។

ជនជាប់ចោទបញ្ជាក់ថា ខ្លួនមានឈ្មោះ ជួប សម្លាប់ តាំងពីកំណើតនិងបច្ចុប្បន្ន សាច់ញាតិបានស្លាប់អស់ហើយ។ ព្រោះតែ ភាពក្រីក្ររូបគេធ្លាប់បានចូលទៅរស់នៅ បន្ទាយទាហានមួយ (មិនបញ្ជាក់ទីតាំង) ដើម្បីធ្វើជាអ្នកដាំបាយ យកបាយហូប និងនៅទីនោះហើយដែលខ្លួនបានរៀនបាញ់កាំភ្លើងបានយ៉ាងស្ទាត់ជំនាញ។ ជនជាប់ ចោទបានបន្ដថា រូបគេបានទៅប្រទេសថៃដើម្បីធ្វើកម្មករ និងធ្លាប់សុំអំពៅគេហូប ជំនួសបាយទៀតផង ។

ជួប សំលាប់ បន្តថា កាំភ្លើងដែលគេប្រើ ដើម្បីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី គឺរូបគេទិញពីប្រទេសថៃតម្លៃ៥ម៉ឺនបាត។

ប៉ុន្តែនៅក្នុងសវនាការនានេះជួបសម្លាប់ ថា រូបគេមិនបានចាំសម្លៀកបំពាក់ដែលលោកបណ្ឌិត កែម ឡី ស្លៀកក្នុងថ្ងៃស្លាប់ នោះទេ បើទោះបីជានៅមុនពេលបាញ់ សម្លាប់ជនរងគ្រោះរូបគេបានដើរមើល និងកត់សម្គាល់អត្តសញ្ញាណជនរងគ្រោះយ៉ាងច្បាប់ក៏ដោយ។ ក្រោយពេលបាញ់ សម្លាប់ជនរងគ្រោះរូបគេបានរត់ចេញ ហើយក៏មានជនមិនស្គាល់មុខដេញបាញ់ រូបគេសម្លាប់ដែរ ប៉ុន្តែបាញ់មិនត្រូវ។

សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះ អឿត អាង ហៅជួប សម្លាប់ ភេទប្រុស កើត ថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៧២ ត្រូវបានលោក លី សុផាណា តំណាងអយ្យការចោទប្រកាន់ ពីបទឃាតកម្មគិតទុកជាមុន និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតយោងតាមមាត្រា២០០ និងមាត្រា៤៩០នៃក្រម ព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា អឿត អាង ហៅជួប សម្លាប់ អាយុ៣៨ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗក្រោយពីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី កាលពីវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦ នៅក្នុងស្តារម៉ាតនៃស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕ ហេង សូរិយា

aee


ចែករំលែក៖