ព័ត៌មានទាន់ហេតុការណ៍៖

ប្រគល់ពានរង្វាន់ជូនទូកជ័យលាភីក្នុងពិធីប្រណាំងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានង្វាន់ដល់ទូកដែលទទួលបានចំណាត់ថ្នាក់។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទូកដែលទទួលបាននូវជ័យលាភី រួមមាន ៖ ប្រភេទទូកខ្នាតអន្តរជាតិ ក្នុងផែនទី១ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ព្រះខ័នមានជ័យបារមីបូព៌ា របស់កងរាជអាវុធហត្ថខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ របស់កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ មហាគ្រុឌកំពង់សោម របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ។ ក្នុងផែនទី២ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ពេជ្រកុមារសែនជ័យ របស់សមាគមទូកខេត្តកណ្ដាល ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ គ្រុឌមាសតេជោសែនជ័យ របស់កងរាជអាវុធហត្ថខេត្តសៀមរាប ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះអធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

ដោយឡែក ប្រភេទទូកក្ដារបីសន្លឹកផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ៧មករាចិត្តតែមួយ របស់សមាគមទូកខេត្តកណ្ដាល ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ សាធារណការសែនជ័យបារមីវ៉ៃគោ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ ព្រះខ័នរាជសែនជ័យ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្នែកនារី ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ ស្រីសក្លាហាន របស់សមាគមទូកខេត្តកណ្ដាល និងចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ នារីសែនជ័យបារមីស្វាយរៀង របស់សាលាក្រុងស្វាយរៀង ។

សូមបញ្ជាក់ថា ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៥០លានរៀល លេខ២ ៣០លានរៀល លេខ៣ ២០លានរៀល ប្រភេទទូកខ្នាតបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៨០ម៉ឺនរៀល លេខ២ ៦០ម៉ឺនរៀល និងលេខ៣ ៤០ម៉ឺនរៀល ៕ យឹម សុថាន
1 2

5 3 4

6


ចែករំលែក៖