ព័ត៌មានទាន់ហេតុការណ៍៖

ប្រចណ្ឌប្រពន្ធខ្លាំងពេក បុរសជាប្តីលួចកាប់ប្រពន្ធចំនួន៥ពូថៅខណៈកំពុងដេកលក់បណ្ដាលឲ្យសស្លាប់គួរឲ្យសង្វេគ

ចែករំលែក៖

ខេត្តកណ្ដាលៈ ដោយសារភ្លើងប្រចណ្ឌធ្វើឲ្យបុរសជាប្តីមានទំនាស់ឈ្លោះប្រកែកគ្នាជាញឹកញាប់អស់រយៈពេលជាង៣ឆ្នាំ រហូតបុរសជាប្តីបានលួចកាប់ប្រពន្ធខ្លួនឯងចំនួន៥ពូថៅ ខណៈកំពុងដេកលង់លួក បណ្ដាលឲ្យស្លាប់គួរឲ្យសង្វែគនៅលើផ្ទះជួល ។ ករណីឃាតកម្មខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២០និង១៥នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះជួល ស្ថិតក្នុងភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ស្រ្ដីរងគ្រោះត្រូវប្តីកាប់សម្លាប់មានឈ្មោះ ឈិត ម៉ាច ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកានីរោងចក្រកាត់ដេរ រីឯជនសង្ស័យជាប្តីឈ្មោះ ណន ណាត អាយុ៣៣ឆ្នាំ ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិក្រាំងក្រូច ឃុំភ្នំតូច ស្រុកឧឌុង្គ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។

នៅមុនពេលកើតហេតុ យប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះ និងជនសង្ស័យ ជាប្តីប្រពន្ធ បានឈ្លោះប្រកែកគ្នា ហើយក៏ស្ងាត់មាត់ទៅ។ លុះពេល ជនរងគ្រោះ ដេកលង់លក់ ជនសង្ស័យ បានយកពូថៅ កាប់ជនរងគ្រោះ ៥ ពូថៅសំដៅចំក្បាល បណ្តាលឲ្យ ស្លាប់ភ្លាមៗ ហើយយកភួយ គ្របដណ្តប់ពីលើ។ លុះព្រឹកឡើង ថ្ងៃទី១៦ ខែកក្កដា ជនសង្ស័យ បាននាំកូន ២នាក់តូចៗ ជិះម៉ូតូ គេចខ្លួនទៅ ស្រុកកំណើត នៅភូមិ ត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បាត់ទៅ។

កម្លាំងសមត្ថកិច្ច ស្រុកអង្គស្នួល សហការជាមួយ សមត្ថកិច្ច ជំនាញខេត្ត ចុះទៅដល់ កន្លែងកើតហេតុ ពិនិត្យ និងធ្វើកោសល្យវិច្ច័យ បើកធ្វើការ ស្រាវជ្រាវ ស៊ើបអង្កេត លុះដល់ ម៉ោង ២២និង១០ នាទី កម្លាំងសមត្ថកិច្ច បានឈានទៅ កំណត់បាន មុខសញ្ញាសង្ស័យ សហការ ជាមួយនគរបាល ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឈានទៅ ធ្វើការឃាត់ខ្លួន ជនសង្ស័យ នៅចំណុច ភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

នៅចំពោះមុខ សមត្ថកិច្ច នគរបាល ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តអំពើ ឃាតកម្ម ដោយយកពូថៅ កាប់ទៅលើជន រងគ្រោះ កំពុងដេកលក់ ចំក្បាលចំនួន ៥ ពូថៅ បណ្តាល ឲ្យ ស្លាប់ភ្លាមៗ មូលហេតុប្រចណ្ឌ មានរយៈពេល ៣ឆ្នាំ មកហើយ និងធ្លាប់មាន ជម្លោះជាមួយគ្នា ជាញឹកញាប់៕ស្អាងជ័យ


ចែករំលែក៖