ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាកសិករស្រុករមាសហែកនាំគ្នាប្រមូលផលដំឡូងមី ខណៈមានទីផ្សារឡើងវិញ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បងប្អូនដែលជាប្រជាកសិករធ្វើស្រែចំការមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ខណៈដែលដំឡូងមីរបស់ពួកគាត់មានទីផ្សារ និងតម្លៃបានថ្លៃជាងឆ្នាំមុនៗ ហើយដំណាំដំឡូងមីដែលពលរដ្ឋបានដាំដុះលើផ្ទៃដី ជិត៤០០០ហិកតា ក្នុងស្រុករមាសហែក ត្រូវបានលក់នាំចេញទៅកាន់ទីផ្សារ (ពោលលក់បានទាំងសើម) ​ ។

បើតាមលោក ប៉ែន សាម៉េត ជាកសិករដាំដំឡូងមីនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា ដំឡូងមីប៉ុន្មានឆ្នាំកន្លងមកនេះ គឺមិនសូវមានទីផ្សារនោះទេ ដោយ១គីឡូលក់ចេញបានតែតម្លៃ១០០ ទៅ១៥០រៀលប៉ុណ្ណោះ ដែលធ្វើឲ្យពួកគាត់គ្មានកម្លាំងចិត្ត ក្នុងការបង្កបង្កើនផលដំណាំមួយនេះ ​ ។

លោកបានបន្តទៀតថា រហូតមកបច្ចុប្បន្ននេះ ដោយមានការគិតគូរពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជួយរកទីផ្សារនាំចេញដំឡូងមី ហើយបានតម្លៃថ្លៃគួរសម គឺលក់បាន១គីឡូ ចាប់ពី៣៥០ទៅ៤០០រៀល ដែលធ្វើឲ្យពួកគាត់មានកម្លាំងចិត្តបន្តការដាំដុះលើដំណាំដំឡូងមីបន្តទៀត ក្រៅពីការងារធ្វើស្រែចំការ ដែលធ្វើឲ្យជីវភាពរបស់ពួកគាត់បានល្អប្រសើរជាងមុនមួយកម្រិតថែមទៀត ​ ។

លោក ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយរកទីផ្សារទិញនូវកសិផលរបស់ពួកគាត់ និងសូមឲ្យរាជរដ្ឋាភិបាល ជួយរកទីផ្សារបន្ថែមទៀតមិនថា ក្នុងស្រុកឬក្រៅស្រុកក៏ដោយជាពិសេស គឺរោងចក្រសហគ្រាសដែលទទួលទិញដំឡូងមី ​ ។

លោក ចាប ណុល អភិបាលរងស្រុករមាសហែក បានឲ្យដឹងថា នៅលើផ្ទៃដី៣៣៧៩ហិកតា ដែលប្រជាពលរដ្ឋបានដាំដុះដំឡូងមី ហើយនាពេលបច្ចុប្បន្ននេះ គឺមានទីផ្សារលក់ចេញបានតម្លៃថ្លៃគួរសម ដែលប្រជាកសិករទទួលយកបាន គឺខុសពីឆ្នាំមុនៗដែលមានតម្លៃទាបធ្វើឲ្យកសិករជាអ្នកបង្កបង្កើនផលខាតបង់ស្នើគ្មានទីផ្សារទិញផង ​ ។

លោកអភិបាលរងស្រុករមាស ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបន្តការងារបង្កបង្កើនផលបន្ថែមទៀត ព្រោះរដូវវស្សាចូលមកដល់ហើយត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់​ ៕ យឹម សុថាន


ចែករំលែក៖