ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋឃាត់ជនសង្ស័យម្នាក់ បន្ទាប់ពីកាច់សោ ក ម៉ូតូបានហើយ ម្ចាស់ចេញមកទាន់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់ បានវាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូបានសម្រេចហើយ ម្ចាស់ចេញមកមើលឃើញស្រែកផ្អើលអ្នកភូមិព័ន្ធចាប់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះយិន ដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ យកផ្ទះសំណាក់៣ដុល្លារ ម្តុំភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ធ្វើជាកន្លែងស្នាក់អាស្រ័យ មានស្រុកកំណើត ភូមិចាម ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ចំណែក នារីរងគ្រោះ ជាម្ចាស់ម៉ូតូឈ្មោះ បាន ធួន អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី១ កន្លែងកើតហេតុ មានស្រុកកំណើត ភូមិប្រាសាទ ឃុំកំពែង ស្រុកគីរីវង្ស ខេត្តតាកែវ ។ ដោយឡែកម៉ូតូដែលជនសង្ស័យលួចម៉ាក ស៊ុយសូគីនិច ពណ៌ស សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ តាកែវ 1Q-4368 ។

តាមសម្តីនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលចេញពីធ្វើការរោងចក្រ ចតទុកដាក់ចាក់សោ ក រួចឡើងទៅបន្ទប់ជាន់ទីមួយហូបបាយ ស្រាប់តែនៅវេលាម៉ោងខាងលើ ឮសូរសំឡេងឆ្កែព្រុសប្លែក រួមផ្សំនឹងអារម្មណ៍នឹកឃើញពេលយល់សប្តិផង ក៏ស្ទុះចេញមកមកអើតមើល ស្រាប់តែឃើញជនសង្ស័យ កាច់សោកម៉ូតូបានហើយ ឡើងជិះរៀបបើកចេញ ស្រែកឆោឡោ ផ្អើលអ្នកជិតខាងជួយចេញមកអន្តរាគមន៍ ព័ទ្ធចាប់បានស្វាគមន៍ដេកទ្រមខ្លួន រួចប្រគល់ជូនសមត្ថកិច្ច ។

ជនសង្ស័យវិញបានឲ្យដឹងថា ខ្លួនពិតជាបានកាច់សោ ក ម៉ូតូមួយគ្រឿងខាងលើពិតមែន ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅប៉ុស្តិ៍កាកាប១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានបន្តតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖