ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋស្នើសុំអភិបាលខេត្តមណ្ឌលគិរីករណីក្រុមហ៊ុនតុងមិនដាក់បារាសកាត់ផ្លូវស្ទាក់យកលុយ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋជិត ៣០០គ្រួសាររស់នៅក្រុមអន្ទ្រង់សែនជ័យ ភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្ត មណ្ឌលគិរីបានស្នើឲ្យអភិបាលខេត្តមណ្ឌលគិរីជួយអន្តរាគមន៍ និងពិនិត្យមើលផ្លូវធ្វើ ដំណើរមួយខ្សែតភ្ជាប់មកខេត្តក្រចេះ ត្រូវ បានក្រុមហ៊ុនតុងមិនដាក់បារាសកាត់លើផ្លូវដើម្បីជំរិតទារប្រាក់ពួកគាត់ពេលឆ្លងកាត់ ។

អ្នកស្រី ទូច សារឿន តំណាងឲ្យពល រដ្ឋនៅក្រុមអន្រ្ទង់សែនជ័យ២៥៦គ្រួសារ បានស្នើដល់អាជ្ញាធរខេត្តមណ្ឌលគិរី តាមរយៈលោក នួន សារ៉ន អភិបាល ស្រុកពេជ្រាដា កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ បញ្ហាផ្លូវធ្វើដំណើរ របស់ពួកគាត់ដែលកំពុងជួបការលំបាកខ្លាំងនារដូវវស្សា ដោយពុំមានផ្លូវសម្រាប់ធ្វើ ដំណើរទៅខេត្តមណ្ឌលគិរីនោះទេ ។

បច្ចុប្បន្នពួកគាត់បានធ្វើដំណើរកាត់តាមខេត្តក្រចេះ ដែលមានចម្ងាយពីភូមិទៅខេត្តក្រចេះប្រមាណ៧០គីឡូម៉ែត ប៉ុន្តែត្រូវបានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចដាក់បារាស់បិទផ្លូវយកប្រាក់ជាច្រើនកន្លែង ។ អ្នកស្រី បាននិយាយទៀតថា ក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចមួយឈ្មោះ តុង មិន ដែលមានទីតាំងនៅភូមិ ស្រែត្រែងឃុំក្បាល ដំរី ស្រុកសម្បូណ៌ ខេត្តក្រចេះ បានដាក់ បារាស់ជំរិតទារប្រាក់ពីពួកគាត់ដែលឆ្លង់កាត់ទីនោះម្ដងចំនួន២០.០០០រៀល (ពីរ ម៉ឺន រៀល) ទើបគេឲ្យឆ្លង់បើមិនបង់ប្រាក់ទេគឺក្រុមសន្តិសុខមិនអនុញ្ញាតឲ្យឆ្លងឡើយទោះបីមានគ្រោះអាសន្នឈឺថ្កាត់យ៉ាងណាក៏ដោយ ។

អ្នកស្រីបានបន្តទៀតថា ពួកគាត់បាន មករស់នៅក្រុមអន្ទ្រង់សែនជ័យតាំងពីឆ្នាំ ១៩៩៣មកម៉្លេះដោយបានប្រើប្រាស់ផ្លូវ មួយខ្សែនេះតាំងពីមិនទាន់មានក្រុមហ៊ុន តុងមិនម៉្លេះ គឺផ្លូវមួយខ្សែនេះជាផ្លូវចាស់ស្រាប់ពុំមែនជាផ្លូវរបស់ក្រុមហ៊ុនមកឈូសឆាយថ្មីនោះទេ ពួកគាត់សូមសំណូមពរ ដល់អាជ្ញាធរទាំង២ខេត្តមេត្តាជួយពិនិត្យនិង សម្រួលឲ្យពួកគាត់បានផ្លូវនោះប្រើប្រាស់ដោយមិនបង់លុយផង ព្រោះភូមិ ពួកគាត់នៅ ឆ្ងាយដាច់ស្រយាលពុំមានផ្លូវ ធ្វើដំណើរទេ ។

អភិបាលស្រុកពេជ្រាដា លោក នួន សារ៉នបានច្រានចោលថា លោកពុំមាន សិទ្ធិសម្រេចយ៉ាងណានោះទេ ព្រោះ ទីតាំង របស់ក្រុមហ៊ុនតុងមិន មិនមែនស្ថិតនៅក្នុងដែនរដ្ឋបាលស្រុកពេជ្រាដា ត ែទោះយ៉ាងណាលោកនឹងពាំនាំសំណូមពររបស់ពលរដ្ឋជូនទៅអភិបាលខេត្តដើម្បីរកដំណោះស្រាយ ៕ សហការី


ចែករំលែក៖