ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋស្រុករលាប្អៀរចោទឧកញ៉ា សុខ ប៊ុន ឈូសឆាយដីតំបន់អភិរក្សមេពូជត្រី

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្រុមប្រជាពលរដ្ឋបាន ឲ្យដឹងថា ដីតំបន់អភិរក្សមេពូជត្រី ស្ថិត នៅភូមិកោះកែវ និងភូមិទម្ពរក្នុងឃុំស្វាយ ជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងពេលនេះ កំពុងត្រូវបានឧកញ៉ា សុខ ប៊ុន ដែលទើប ចេញពីពន្ធនាគារក្នុងសំណុំរឿងប្រើអំពើ ហិង្សាទៅលើកញ្ញាសាសានោះព័ទ្ធយក ធ្វើជាកម្មសិទ្ធិ ។

បើតាមប្រជាពលរដ្ឋបានអះអាងថា ដី ព្រៃលិចទឹកក្នុងតំបន់ខាងលើជាដីព្រៃរក្សាមេពូជត្រីនៅរដូវវស្សា ប៉ុន្តែពេលនេះត្រូវ បានក្រុមឧកញ៉ា សុខ ប៊ុន ឈូសឆាយក្លាយ ជាវាលរហោឋានអស់ហើយ។ ប្រភពបាន បន្តថា តាំងពីដើមមកដីព្រៃទាំងនេះគ្មាន ពលរដ្ឋណាហ៊ានប៉ះពាល់កាប់ឆ្ការទន្ទ្រានយកនោះទេ ហើយពួកគាត់អាស្រ័យផល នៅពេលទឹកសម្រកដូចជាការនេសាទ និង ដាំឈូកលក់ជាដើម ។

លោក ម៉ម ឈាង អនុប្រធានភូមិកោះ កែវបានឲ្យដឹងថា ដីដែលលោកឧកញ៉ា សុខ ប៊ុន ទន្ទ្រានយកគឺជាដីព្រៃលិចទឹកក្នុង តំបន់ហាមឃាត់ ប៉ុន្តែលោកឧកញ៉ា សុខ ប៊ុន បានប្រើមេការជាច្រើននាក់រៀបចំឯកសារធ្វើលេសថា ទិញពីប្រជាពលរដ្ឋ។ លោកបានបន្ថែមទៀតថា បច្ចុប្បន្នលោក ឧកញ៉ា សុខ ប៊ុន បានប្រើគ្រឿងចក្រជីកឆ្វៀលនៅចំណុចបឹង៤មុំដើម្បីហុ៊មព័ទ្ធព្រំដីព្រៃលិចទឹកជាង២ពាន់ហិកតា ហើយត្រូវបានពលរដ្ឋក្នុងមូលដ្ឋានតវ៉ាជាច្រើនលើកច្រើនសាមកហើយតែត្រូវបានក្រុមឧកញ៉ា សុខ ប៊ុន គំរាមចាប់ដាក់គុក ។

ចំណែកលោក យី ភួន មេឃុំស្វាយជ្រំ បានបញ្ជាក់ថា ដីព្រៃក្នុងតំបន់ខាងលើពិត ជាដីព្រៃលិចទឹកសម្រាប់អភិរក្សមេត្រីពូជមែន ហើយលោកឧកញ៉ា សុខ ប៊ុន ពិតជា បានឈូសឆាយដោយសំអាងថាបានទិញពីប្រជាពលរដ្ឋ។ លោកមេឃុំបន្តថា ដីព្រៃ លិចទឹកទំហំជាង២ពាន់ហិកតានេះលោកបានចុះហត្ថលេខាលើឯកសារមួយចំនួន ពាក់ព័ន្ធនឹងការលក់ទិញពីប្រជាពលរដ្ឋ។ ប៉ុន្តែដីមួយចំនួនធំលោកមិនបានជាប់ពាក់ព័ន្ធលើការចុះហត្ថលេខាអ្វីទាំងអស់។

លោកមេឃុំបានបន្ថែមថា ឯកសារមួយចំនួនគឺមានភាពមិនប្រក្រតីអាចជាប់ពាក់ព័ន្ធជាមួយផ្លូវច្បាប់ ព្រោះកន្លងមកលោក មេឃុំចាស់ឈ្មោះ ជា ឈើក ធ្លាប់ជាប់ពន្ធ នាគាររួចមកហើយក្នុងសំណុំរឿងដីព្រៃ លិចទឹកក្នុងតំបន់ខាងលើ ។

ជុំវិញបញ្ហានេះនគរវត្តមិនទាន់អាចសុំការបំភ្លឺពីលោកឧកញ៉ា សុខ ប៊ុន បាននៅ ឡើយទេ។ ចំណែកបុរសម្នាក់ឈ្មោះ ឡុង ដែលត្រូវបានគេអះអាងថា ជាមេការរបស់ ឧកញ៉ាសុខ ប៊ុននោះ បានឆ្លើយថា កំពុងជាប់ រវល់។ ទាក់ទងករណីដីនេះដែរបើតាមការប្រាប់ឲ្យដឹងពីប្រជាពលរដ្ឋថា ពេលនេះគេ កំពុងរៀបចំគម្រោងពុះជាឡូត៍សម្រាប់ ដាក់លក់ ៕ ហេង សូរិយា

Untitled-1 copy


ចែករំលែក៖