ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ៣ភូមិប្រឈមនឹងការបាត់បង់ផ្លូវដោយសារការរំលោភបំពានរបស់ក្រុមហ៊ុនចិន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ៣ភូមិ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងស្រពិចស្រពិលបញ្ហាប្រឈម និងអត់ផ្លូវដើរនាពេលអនាគត ដោយសារតែក្រុមហ៊ុនចិនបានរំលោភបំពានយកផ្លូវ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនអាចដោះស្រាយជូនបាន ។ បញ្ហានេះ កំពុងក្លាយជាប្រធានបទក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេស បណ្តាជនរងគ្រោះដោយសារការរំលោភបំពានរបស់ក្រុមហ៊ុនចិន ។ នៅក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះទាំងនោះ ក៏មានអ្នកស្រី លី សុខងីម ម្នាក់ដែរ ដែលកំពុងរង់ចាំយុតិ្តធម៌ពីសាលាដំបូង និងសមត្ថកិច្ចដទៃទៀត ។

រឿងរ៉ាវទំនាស់ដីធ្លីខាងលើនេះ ពុំទទួលបានផ្លែផ្កានោះទេ បើទោះបីជាស្ថាប័នតុលាការ និងមន្ត្រីជំនាញចុះទៅពិនិត្យមើលទីតាំងទំនាស់កាលពីថ្ងៃទី៦ ខែកក្កដា កន្លងទៅនេះក៏ដោយ ។ ការចុះទៅពិនិត្យដល់ទីតាំង ប្រៀបដូចជាការដើរកម្សាន្តមើលវាលមើលព្រៃតែប៉ុណ្ណោះ ។

អ្នកស្រី លី សុខងីម បានសម្តែងនូវការសោកស្តាយ និងហាក់ដូចជាអស់សង្ឃឹមចំពោះពន្លឺយុត្តិធម៌ដែលនៅសែនឆ្ងាយ ។ អ្នកស្រីបានដាក់ពាក្យបណ្តឹងទៅគ្រប់ទីកន្លែងដើម្បីសុំអន្តរាគមន៍ស្វែងរកយុត្តិធម៌តាំងពីអំឡុងខែឧសភាមកម្ល៉េះ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានចំណាត់ការណាមួយសមស្របសម្រាប់ភាគីអ្នករងគ្រោះនោះឡើយ ។ ការរំពឹងចំពោះក្រុមការងារចុះពិនិត្យទីតាំងទំនាស់កាលពីថ្ងៃទី៦ ខែកក្កដា កន្លងទៅនោះ មិនទទួលបានលទ្ធផលអ្វីទេ ដោយសំអាងថា ការកំណត់ព្រំ ឬទីតាំងទំនាស់មិនច្បាស់លាស់ ។ ជាមួយនោះ ក្រុមការងារនេះក៏ខ្វះសម្ភារបច្ចេកទេស ក្នុងការវាស់វែងផងដែរ ។

ក្រុមហ៊ុនចិនបានរំលោភបំពានយកដី ដោយទាំងផ្លូវរបស់ប្រជាពលរដ្ឋ៣ភូមិ ដែលពេលនេះប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ ។ អ្នកភូមិបានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល ហើយខុទ្ទកាល័យសម្តេចតេជោ បានចេញដីកាបញ្ជូនទៅឲ្យក្រសួងពាក់ព័ន្ធ ដូចជាក្រសួងដែនដីនគរូបនីយកម្ម និងសំណង់, រដ្ឋបាលសាលាខេត្ត… ប៉ុន្តែនៅតែមិនអាចដោះស្រាយជូនប្រជាពលរដ្ឋបានឡើយ ។

លោក លី សុវណ្ណបញ្ញា មេធាវីតំណាងអាណត្តិឲ្យក្រុមហ៊ុនចិនអះអាងថា ទំនាស់ដីធ្លីរវាងក្រុមហ៊ុនចិន នឹងប្រជាពលរដ្ឋនៅមិនទាន់អាចដោះស្រាយបាន ព្រោះដីទំនាស់ពុំមានបោះបង្គោលច្បាស់លាស់ ហើយមន្ត្រីដែលចុះទៅពិនិត្យពុំមានឧបករណ៍សម្ភារបច្ចេកទេសគ្រប់គ្រាន់សម្រាប់វាស់វែង ។

តំណាងក្រុមហ៊ុនចិនអះអាងថា ខាងក្រុមហ៊ុនមិនទាន់អាចបកស្រាយបានទេ ព្រោះអ្វីៗកំពុងស្ថិតនៅក្នុងការស្រាវជ្រាវដើម្បីកំណត់ទីតាំងឲ្យបានច្បាស់លាស់ ។

យ៉ាងណាក្តី ប្រជាពលរដ្ឋរងគ្រោះទទូចថា ការរំលោភបំពានយកផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋ ត្រូវតែដោះស្រាយឲ្យបានឆាប់ ហើយអាជ្ញាធរមិនគួរបិទភ្នែកចំពោះការលំបាករបស់អ្នកភូមិនោះឡើយ ៕ ហេង សូរិយា


ចែករំលែក៖