ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ៥៦គ្រួសារតវ៉ារឿងដីជាង១៨ហិចតា

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៥៦គ្រួសារ បានប្រមូលផ្ដុំគ្នាតវ៉ាកាលពីវេលាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ទាមទារយកដីទំហំជាង១៨ហិចតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយពួកគាតបានចោទប្រកាន់សមាគមចិន ហុកគាន ថាមុនដំបូង បានខ្ចីដីនោះប្រើប្រាស់សិនទេ លុះក្រោយមក រំលោភយកធ្វើជាកម្មសិទ្ធិតែម្ដង ។

ប្រជាពលរដ្ឋខាងលើបាននិយាយថា ដីនោះត្រូវបានខាងសមាគមចិន ហុក គាន ខ្ចីប្រើប្រាស់បណ្ដោះអាសន្នកែសម្រួលម៉ុងខ្មោចចាស់ៗ ដែលមាននៅលើដីនោះ កាលពីអំឡុងឆ្នាំ១៩៨៧ ដោយបានសន្យាថា ប្រគល់ជូនប្រជាពលរដ្ឋវិញនៅពេលណា ដែលត្រូវការ ។ ប៉ុន្តែក្រោយមក ប្រជាពលរដ្ឋបានទាមទារ យកដីមកគ្រប់គ្រងវិញ ស្រាប់តែខាងសមាគមចិននេះ មិនព្រមប្រគល់ឲ្យវិញឡើយ ។ មិនតែប៉ុណ្ណោះក្រោយមកបានរុះរើម៉ុងខ្មោចចេញ និងរំលោភយកដីនោះធ្វើជាកម្មសិទ្ធិថែមទៀត ទើបនៅអំឡុងឆ្នាំ២០១៥ ពួកគាត់នាំគ្នាតវ៉ាទាមទារយកមកវិញ ។ ដោយក្នុងពេលនោះបានលើកគ្នាទៅកាន់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់២លើក ទៅសាលារាជធានីភ្នំពេញ២លើក និងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន១លើក ប៉ុន្តែមិនទាន់មានដំណោះស្រាយឡើយ ។

ប្រភពដ ដែលបានបន្តថា នៅពេល ដែលពួកគាត់តវ៉ា លោកទេសរដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានសន្យាថា និងចុះដោះដ្រាយជូនពួកគាត់ដោយផ្ទាល់ ។ ប៉ុន្តែក្រោយមកក៏ស្រាប់តែស្ងាត់ឈឹង ទើបពេលនេះពួកគាត់ប្រមូលផ្ដុំគ្នានៅលើដីទំនាស់ជាថ្មី និងប្រុងលើកគ្នាទៅកាន់ក្រសួងខាងលើឲ្យលោកទេសរដ្ឋមន្ត្រីជា សុផារ៉ាជួយដោះស្រាយម្ដងទៀត ។ ប៉ុន្តែក្រោយពីជួបជុំគ្នារួចពួកគាត់បានប្រែចិត្តលែងទៅកាន់ក្រសួងវិញ ហើយបានសម្រេចចិត្តថា សុំអំពាវនាវឲ្យភាគីអ្នករំលោភយកដីចេញមុខដោះស្រាយជាមួយពួកគាត់ ព្រោះការដោះស្រាយមិនចេញនេះគឺដោយសារតែភាគីខាងលើមិនព្រមចេញមុខទាល់តែសោះហើយ ប្រសិនបើនៅតែគ្មានដំណោះស្រាយទៀតនោះពួកគាត់ និងបោះបង្គោលចែកដីគ្នាតែម្ដង ៕ សុខាសែនជ័យ


ចែករំលែក៖