ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្នជិត២០០គ្រួសារក្នុងឃុំក្ដីដូងខ្វះទឹកធ្វើស្រែប្រាំងសំណូមពរឲ្យអាជ្ញាខេត្តដកម៉ាស៊ីនក្រុមហ៊ុនយៀងនាកសែនចេញ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្នជិត២០០ គ្រួសារក្នុងភូមិពាមក្រែង និងភូមិអូរសំបួរ ក្នុងឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងដង្ហោយហៅសុំឲ្យអាជ្ញាធរឃុំ-ស្រុក ខេត្ត ជួយដោះស្រាយបញ្ហាទឹកធ្វើស្រែប្រាំងរបស់ពួកគាត់ដែលបានសាបព្រោះ​រួច ហើយ និងជាពេលវេលាកៀកនឹងធ្វើស្រែហើយនៅមិនទាន់មានទឹកដោយសារតែម៉ាស៊ីនបូមទឹករបស់ក្រុមហ៊ុនយៀងនាក សែន ដែលមានលោកតួនសាវិន ជាអ្នកគ្រប់គ្រងមិនអាចផ្ដល់ទឹកបានគ្រប់គ្រាន់។

ប្រជាពលរដ្នបានលើកឡើងថា ការ​ជីកប្រឡាយដំបូង អ្នកជីក និងមេភូមិប្រាប់ ថា ជាប្រឡាយរបស់អង្គការ លុះក្រោយ មកសុំឲ្យប្រជាពលរដ្ឋផ្ដិតមេដាយ ក្រោយ ពេលបានមេដៃហើយ បែរជាថាប្រឡាយនេះជាប្រឡាយក្រុមហ៊ុនទៅវិញ ។ ចាប់ពី ពេលនោះមកទឹកបានឡើងថ្លៃក្នុង១ហិកតា ១២០ដុល្លារ ។ ពលរដ្ឋបញ្ជាក់ថា លុយ ក្រុមហ៊ុនយកគ្រប់ចំនួនតែទឹកប្រើប្រាស់ មិនគ្រប់គ្រាន់ តើឲ្យពលរដ្ឋបង់លុយរបៀប ណា? ដូច្នេះពួកគាត់មិនអាចទ្រាំបាន តទៅទៀតទេ ពីព្រោះរយៈ៦ឆ្នាំមកហើយ ដែលអាជ្ញាធរឃុំដោះស្រាយ តែដដែលៗ មិ​នឃើញមានអ្វីជាដុំកំភួនឡើយ​ ។ ហេតុនេះហើយយើងខ្ញុំសំណូមពរសុំឲ្យអាជ្ញាធរ ខេត្តជួយដកម៉ាស៊ីនក្រុមហ៊ុនយៀងនាកសែនចេញហើយដាក់ម៉ាស៊ីនសហគមន៍ របស់ពួកគាត់វិញ ព្រោះម៉ាស៊ីនមានស្រាប់ដល់ទៅ២គ្រឿងដែលអាចផ្គត់ផ្គង់ទឹកប្រើប្រាស់បានគ្រប់គ្រាន់ដោយសហគមន៍យកត្រឹមតែ៩០ដុល្លារ ក្នុង១ហិកតា ។

លោក តួន សាវិន អ្នកគ្រប់គ្រងម៉ាស៊ីន​បូមទឹករបស់ក្រុមហ៊ុនយៀងនាកសែន បានឲ្យដឹងថា ប្រឡាយទឹកនេះលោកបាន ចំណាយទុនជីកដោយខ្លួនឯងចំនួន២ខ្សែ ចម្ងាយ៥គីឡូម៉ែត្រ ដើម្បីផ្គត់ផ្គង់ទឹកឲ្យ ប្រជាពលរដ្នបានប្រើប្រាស់ធ្វើស្រែប្រាំង ដោយធ្វើកិច្ចសន្យាលាយល័ក្ខអក្សរ ដោយ មានមេភូមិ មេឃុំ និងស្រុក ជាអ្នកដឹងឮថាបើសិនអ្នកណាអត់ទឹករយៈពេល៥ថ្ងៃងាប់ស្រូវអស់នោះ លោកនឹងសងមួយហិកតា ៥តោន តែការរអាក់រអួលបញ្ហាទឹក ប៉ុន្មាន ថ្ងៃនេះ ។ ដោយសារម៉ាស៊ីនខូចធ្វើមិនទាន់ទើបធ្វើឲ្យមានការខ្វះទឹកបែបនេះ ។ ម្យ៉ាង ទៀតអ្នកខ្លះមិនបានបង់លុយចេះតែបូម ចំណែក អ្នកបង់លុយ គឺមិនបានបូមដាក់ស្រែទេទើបលោកបញ្ឈប់ម៉ាស៊ីនចាំមើលមានប្រតិកម្មបែបណា ។

លោក ផាសារ៉ន មេឃុំក្ដីដូង បានឲ្យ ដឹងដែរថា នៅរសៀលថ្ងៃទី២៦ លោកនិងអភិបាលស្រុកនិងតំណាងប្រជាពលរដ្ឋនឹងចុះទៅដោះស្រាយបញ្ហាទាំងនោះនៅសាលាឃុំតែអ្វីដែលពុំទាន់ដោះស្រាយបាននោះគឺប្រជាពលរដ្ននិងក្រុមហ៊ុនហាក់ដូចជា និយាយមិនសូវត្រូវគ្នា ទើបចេះតែមានរឿង រ៉ាវមិនចេះចប់ មិនចេះហើយ ៕ ប៊ុន រិទ្ធី


ចែករំលែក៖