ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសចិន និងប្រទេសរុស្ស៊ីចាប់ដៃគ្នារៀបចំសន្តិសុខសណ្តាប់ធ្នាប់ថ្មីនៅលើពិភពលោក

ចែករំលែក៖

00123f55b17b12bb3fff0f

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសថា សម្ពន្ធមិត្តយោធាថ្មីរវាង ចិននឹងរុស្ស៊ីនឹងធ្វើឲ្យសម្ពន្ធមិត្តយោធាណាតូ «អសមត្ថភាព» និងជាសញ្ញាខណ្ឌចប់សម្រាប់មហិច្ឆតារបស់ប្រទេសមហា អំណាចលោកខាងលិច។

នៅក្នុងឱការខួបគម្រប់៩៥ឆ្នាំថ្ងៃបង្កើតបក្សកុម្មុយនីស្តចិនកាលពីខែមុនប្រធានា ធិបតីចិន ស៊ី ជីនពីង បានលើកឡើងពី គម្រោងបង្កើតសម្ពន្ធមិត្តយោធាថ្មីជាមួយ រុស្ស៊ីដែលអាចធ្វើឲ្យណាតូអសមត្ថភាពក្នុងការគ្រប់គ្រងធ្វើជាមហាអំណាចពិភពលោក។ ការប្រកាសរបស់មេដឹកនាំចិន បានធ្វើឲ្យអ្នកនយោបាយល្បីៗនៅលើពិភព លោកបញ្ជាក់ថា ជាសកម្មភាពបង្កឲ្យមានសង្គ្រាមកើតឡើង។

លោក ស៊ី ជីនពីង បញ្ជាក់ថា «ពិភពលោកកំពុងតែផ្លាស់ប្តូរយ៉ាងខ្លាំង ហើយ ពេលនេះយើងបានមើលឃើញសម្ពន្ធមិត្តអឺរ៉ុបកំពុងតែដួលរលំជាមួយគ្នានោះសេដ្ឋកិច្ចអាមេរិកក៏កំពុងធ្លាក់ចុះផងដែរ ទាំង នោះជាសញ្ញាមួយបង្ហាញឲ្យឃើញថា ចិននិងរុស្ស៊ីត្រូវតែចាប់ដៃគ្នាដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ពិភពលោកទាំងមូល»។

ជាមួយនឹងសម្ពាធយ៉ាងខ្លាំងពីអាមេរិកក្នុងពេលបច្ចុប្បន្នរដ្ឋាភិបាលទីក្រុងប៉េកាំ និងទីក្រុងមូស្គូបានយល់ឃើញថា ប្រទេស ទាំងពីរកំពុងតែខាតបង់ ហើយធ្លាក់ខ្លួន ចូលក្នុងសង្គ្រាមថ្មីជាមួយប្រទេសមហា អំណាចគ្រប់ពេលវេលា។ ក្នុងពេលជាមួយ គ្នានោះប្រព័ន្ធមីស៊ីលការពាររបស់អាមេរិកបានដាក់ពង្រាយនៅគ្រប់ទិសទីដើម្បីការពារពេលមានសង្គ្រាមកើតឡើង។

នៅក្នុងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិកាលពីថ្ងៃទី១២ ខែកក្កដា បានច្រានចោលខ្សែបន្ទាត់របស់ចិនក្នុងការគ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូង។ បើទោះបីមានការអំពាវនាវពីសហគមន៍អន្តរជាតិយ៉ាងណាក៏ដោយក៏ ចិននៅតែបន្តឌឺដង និងមានសកម្មភាពបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងៗ។ ចិនបានចោទប្រកាន់សកម្មភាពយាមល្បាត របស់អាមេរិកនៅតំបន់សមុទ្រចិនភាគខាង ត្បូងគឺជាសកម្មភាពឌឺដងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។

ការបាត់បង់មហិច្ឆតាគ្រប់គ្រងដែន សមុទ្រចិនភាគខាងត្បូងគឺជាឧបសគ្គយ៉ាង ធំធេងសម្រាប់សេដ្ឋកិច្ចរបស់ចិនក្នុងពេលដែលចិនមានការចរាចរទំនិញនៅដែន សមុទ្រនោះរហូតដល់ទៅ៤០ភាគរយនាំចេញទៅក្រៅប្រទេសដោយឆ្លងកាត់តំបន់ នោះ។

ចំពោះការព្រួយបារម្ភខាងលើនៅក្នុងសុន្ទរកថារបស់ប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាក់ថា «អ្វីគ្រប់យ៉ាងនឹងត្រូវផ្លាស់ប្តូរមិនដូចពីអតីតកាលនោះឡើយ។ ក្នុង រយៈពេល១០ឆ្នាំខាងមុខសន្តិសុខសណ្តាប់ ធ្នាប់ពិភពលោកនឹងត្រូវផ្លាសប្តូរគឺចិន និង រុស្ស៊ីជាអ្នករៀបចំ។

ការប្រកាសខាងលើរបស់ប្រធានាធិបតី ចិនកើតឡើងក្នុងពេលដែលទំនាក់ទំនង រវាងចិននឹងរុស្ស៊ីល្អប្រសើរឡើងជាបន្ត បន្ទាប់ ហើយប្រទេសទាំងពីរបានទទួលរងផលប៉ះពាល់ដោយសារតែសកម្មភាពរបស់ ប្រទេសមហាអំណាចអាមេរិកដូចគ្នា។ ទាំង នោះហើយជាហេតុផលដែលជំរុញឲ្យ ប្រទេសទាំងពីរត្រូវតែរួមគ្នាការពារផល ប្រយោជន៍របស់ខ្លួន។

កន្លងមករុស្ស៊ីក៏បានចោទប្រកាន់ទីក្រុង វ៉ាស៊ីនតោនថា បានបំផ្លាញប្រព័ន្ធសន្តិសុខពិភពលោកក្រោយពេលអាមេរិកបានដាក់ ឲ្យដំណើរការនៅរូម៉ានីភាគមួយថ្មីនៃខែលមីស៊ីលប្រឆាំងនឹងមីស៊ីលរបស់ខ្លួននៅលើដែនដីរូម៉ានីនៃអឺរ៉ុបខាងកើតគឺមានន័យជា ថា ការបំផ្លាញប្រព័ន្ធសន្តិសុខអន្តរជាតិ ហើយជាគ្រោះថ្នាក់ដល់រុស្ស៊ី ដូច្នេះរុស្ស៊ី ត្រូវបង្ខំចិត្តចាត់វិធានការបកវិញឲ្យបាន សមស្របដើម្បី “បន្សាប” ពិសពុលនៃគ្រោះ ថ្នាក់នេះ ប៉ុន្តែរុស្ស៊ីគ្មានចេតនាចូលខ្លួនទៅក្នុងការរត់ប្រណាំងបំពាក់សព្វាវុធដំណាក់កាលថ្មីឡើយ។

ខែលមីស៊ីលការពារអាមេរិកដែលដាក់ នៅរូម៉ានី មិនឆ្ងាយប៉ុន្មានពីព្រំដែននិរតីរុស្ស៊ី អាមេរិកបានដាក់ឲ្យផ្តើមប្រតិបត្តិការជាផ្លូវការគឺគ្រឿងផ្សំថ្មីនៃខែលមីស៊ីលប្រឆាំង មីស៊ីលរបស់អូតង់ប្រចាំនៅទ្វីបអឺរ៉ុបដែល ក្នុងគ្រឿងផ្សំនេះមានរ៉ាដា កាំជ្រួចសម្រាប់ ស្កាត់ចាប់មីស៊ីល និងប្រព័ន្ធទូរគមនាគមន៍ទុកសម្រាប់ការពារទ្វីបនេះទល់នឹងប្រទេស ដែលហៅថា “យូកូម” បែបយ៉ាងអុីរ៉ង់ជា ដើម។

ទាក់ទងនឹងលេសដោះសារបស់អូតង់ ដែលថា ទុកសម្រាប់ប្រឈមនឹងគ្រោះ ថ្នាក់ពីខាងអុីរ៉ង់ លោក ពូទីន ថ្លែងថា អាមេ រិកខ្លួនឯងបានចុះសន្ធិសញ្ញាជាមួយអុីរ៉ង់ទៅហើយ និងថែមទាំងជា ភាគីមួយដែលបានផ្តួចផ្តើមគំនិតនៃការចុះជាសន្ធិសញ្ញានេះផង។ ដោយហេតុថា ទង្វើទាំងនេះគឺត្រឹមត្រូវបានជារុស្ស៊ីគាំទ្រដល់គោលជំហរនេះរបស់ក្រុងវ៉ាស៊ីនតោន។ បើទោះបី គ្រោះថ្នាក់ពីខាងអ៊ីរ៉ង់លែងមានទៅហើយក្តីក៏វ៉ាស៊ីនតោននៅតែបន្តបង្កើតឡើងជាខែលមីស៊ីលប្រឆាំងមីស៊ីលដែរ។

លោក ពូទីន ថ្លែងថា ធាតុពិតនៃគម្រោង ដែលក្រុងវ៉ាស៊ីនតោនចិញ្ចឹមទុកយូរមកហើយនោះគឺបង្ខូចតុល្យភាពយុទ្ធសាស្ត្រនៅក្នុងលោក ហើយការសម្ពោធគ្រឿងផ្សំនៃខែលនៅរូម៉ានីគឺពិតជាបំផ្លាញសន្តិសុខអន្តរជាតិតែម្តង។

លោក ពូទីន សង្កត់ធ្ងន់ថា តាមរយៈ មធ្យោបាយឃោសនាមហាជនក្រុងវ៉ាស៊ីនតោនប៉ុនប៉ងសណ្តំមតិសាធារណជនក្នុងលោកឲ្យជឿថា ខែលមីស៊ីលនោះគឺសម្រាប់ តែការពារសុទ្ធសាធ ប៉ុន្តែគោលលដៅពិត របស់វ៉ាស៊ីនតោនគឺវាតសក្តានុពលយុទ្ធសាស្រ្ពនុយក្លេអ៊ែររបស់អាមេរិកទៅប្រចាំ ការនៅ “បរិមណ្ឌល” ជុំវិញរុស្ស៊ី។ ម៉្លោះ ហើយបានជាតាំងពីថ្ងៃសុក្រ ទី១៣ ខែ ឧសភា មកនៅលើដែនដីប៉ូឡូញមានចម្ងាយ តែ២០០គ.ម សោះពីព្រំដែនខាងកើតរបស់ រុស្ស៊ី អាមេរិកបានចាប់ផ្តើមសង់ឡើងជា គ្រឿងផ្សំមួយទៀតជាទី៣ទៅហើយនៃខែល មីស៊ីលប្រឆាំងមីស៊ីលនោះដើម្បីសម្ពោធ វាឲ្យដំណើរការក្នុង២ឆ្នាំកន្លះទៀតគឺនៅ ដំណាច់ឆ្នាំ២០១៨។

ក្រោយពីសង់រួចគ្រងផ្សំនៅប៉ូឡូញ ដោយរួមជាមួយគ្រឿងផ្សំបែបនេះនៅ Groenland ជាដែនដីដាណឺម៉ាកនៅ ភាគឦសានអាមេរិក និងកោះ Açores របស់ព័រទុយហ្កាល់ នៅមហាសមុទ្រអាត្លង់ ទិកនឹងក្លាយជាខែលមីស៊ីលល្បាតលំហ ពេញលើមហាសមុទ្រនេះដើម្បីទប់ស្កាត់ មីស៊ីលនុយក្លេអ៊ែរអន្តរទ្វីបដែលអាចបាញ់ចេញពីរុស្ស៊ីទៅចម្ងាយជាង១ម៉ឺនគ.ម. តាមទិសឆ្ពោះទៅអាមេរិក។

ក្រៅពីរុស្ស៊ីកន្លងមកថ្មីៗនេះចិនបានចោទប្រកាន់អាមេរិកដែលដាក់មីស៊ីលការពារ THAAD នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយអះអាងថា សម្រាប់ការពារមីស៊ីល កូរ៉េខាងជើងតែប៉ុណ្ណោះ តែតាមការពិត មីស៊ីលទាំងនោះអាមេរិកសំដៅការពារ មីស៊ីលចិនឯណោះទៅវិញទេ។ នៅថ្ងៃទី ១៥ ខែសីហាន ឆ្នាំ២០១៦ អាមេរិកក៏បានប្រកាស់បញ្ជូនមីស៊ីលការពារ Aegis ដ៏ ទំនើបបំផុតទៅកាន់ជប៉ុននិងកូរ៉េខាងត្បូង។

ការឡោមព័ទ្ធដោយមីស៊ីលពីអាមេរិកទៅលើរុស្ស៊ីនិងចិន តើអាចឲ្យប្រទេសទាំងពីរជំនួសតំណែងអាមេរិកក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកក្នុងពេលខ្លីបានដែរឬទេ?៕ ម៉ែវ សាធី


ចែករំលែក៖